ព័ត៌មានជាតិ

ការតវ៉ារបស់បងប្អូន កម្មកររោងចក្រ ត្រូភីខល ហ៊្រ្វូត អេស៊ា ត្រូវបានដោះស្រាយសះជានិងលឿនរហ័ស ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ក្រសួងការងារ

ភ្នំពេញ ៖ ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ត្រូភីខល ហ៊្រ្វូត អេស៊ា (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានដោះស្រាយយ៉ាងលឿនរហ័សឈានដល់ការសះជាទាំងស្រុង នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អ្នកនាំពាក្យរូបនេះបានអះអាងថា ៖ «ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ កង្វល់របស់បងប្អូនកម្មករ ត្រូវបានដោះស្រាយចប់សព្វគ្រប់ទាំងស្រុង ហើយកម្មករក៏នឹងវិលចូលបម្រើការងារនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ជាធម្មតាឡើងវិញ»។

ក្រោយការពិភាក្សា និងសម្របសម្រួលភាគីទាំងពីរ បានឯកភាពគ្នាស្រុះស្រួលចំនួន ៥ចំណុច ដែលរួមមានការឈប់សម្រាកមួយថ្ងៃ ក្នុងមួយសប្តាហ៍ដោយប្តូរវេនគ្នា និងការឯកភាពលើកកម្ពស់លក្ខណ្ឌការងារ កាន់តែល្អប្រសើរបន្ថែមទៀត។

ការដោះស្រាយដ៏លឿនរហ័សនិងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថាគឺជាកិច្ចការងារអាទិភាពរបស់ក្រសួង ក្នុងការយកចិត្តទុកដាក់ ចំពោះបងប្អូនកម្មករនិយោជិត៕

To Top