ព័ត៌មានអន្តរជាតិ

អង្គការណាតូ ទំនងជានឹងធ្វើសមយុទ្ធយោធា នៅតំបន់អាកទិក ក្នុងរយៈពេលប៉ុន្មានខែ ខាងមុខនេះ

ប្រ៊ុចសែល៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានឲ្យដឹងថា អង្គការណាតូ បានគ្រោងទុកនូវសមយុទ្ធយោធា នៅតំបន់អាកទិករួច ហើយសម្រាប់រយៈពេលប៉ុន្មានខែខាងមុខ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយសង្កត់ធ្ងន់ថា តំបន់អាកទិក គឺជាតំបន់ដែលមានភាពពាក់ព័ន្ធជាយុទ្ធសាស្ត្រ សម្រាប់អង្គការណាតូ លោក Giuseppe Cavo Dragone ប្រធានគណៈកម្មាធិការយោធា របស់អង្គការណាតូ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយថា អង្គការណាតូមានសមយុទ្ធយោធា និងសកម្មភាពបណ្តុះបណ្តាល ដែលបានគ្រោងទុករួចហើយនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

លោក Alexus Grynkewich មេបញ្ជាការជាន់ខ្ពស់សម្ព័ន្ធមិត្តអឺរ៉ុប បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានថា សម្ព័ន្ធមិត្តបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការរៀបចំផែនការបេសកកម្ម ដើម្បីការពារតំបន់អាកទិក ប្រសិនបើត្រូវបានស្នើសុំ ។

លោក Grynkewich បានលើកឡើងនៅពេលឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីព័ត៌មានលម្អិតនៃការផ្លាស់ប្តូរដែលអាចកើតមាននៅក្នុងតំបន់អាកទិកថា “យើងមិនទាន់ទទួលបានការ ណែនាំផ្នែកនយោបាយដើ ម្បីផ្លាស់ប្តូរទីតាំងនៅឡើយទេ”។ លោកបានពន្យល់ថា “យើងកំពុងគិតខ្លះអំពីរបៀប ដែលយើងនឹងរៀបចំសម្រាប់វា មិនទាន់មានការរៀបចំផែនការណាមួយបានចាប់ផ្តើមនៅឡើយទេ ប៉ុន្តែយើងត្រៀមខ្លួនរួចរាល់ហើយ”។

លោក Dragone ក៏បានឲ្យដឹងផងដែរថា លោកដឹងតិចតួចណាស់អំពីកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកោះហ្គ្រីនឡែន ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃពុធ បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Mark Rutte អគ្គលេខាធិការអង្គការណាតូ ដោយបន្ថែមថា “យើងស្ថិតនៅដំណាក់កាលដំបូង យើងនៅតែរង់ចាំការណែនាំ”។

នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានឲ្យដឹងថា លោក Mark Rutte មិនមានអាណត្តិចរចាក្នុងនាមប្រទេសដាណឺម៉ាក ឬ ហ្គ្រីនឡែន នោះទេ។ លោកស្រីបានបញ្ជាក់ជាថ្មីអំពីខ្សែបន្ទាត់ក្រហម របស់ប្រទេសដាណឺម៉ាក ដោយថា អនាគតរបស់កោះហ្គ្រីនឡែន គួរតែត្រូវបានសម្រេចដោយហ្គ្រីនឡែនផ្ទាល់ ហើយអធិបតេយ្យភាពមិនអាចចរចាបាននោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top