ស្វាយរៀង៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានចូលរួមសម្របសម្រួលដល់ដំណើរការព្យាបាល និងពិនិត្យសុខភាពដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុករមាសហែកប្រមាណ២០០០នាក់ ក្នុងរយៈពេល២ថ្ងៃ។

ដោយគិតចាប់ពីថ្ងៃទី២៣ ដល់ទី២៤ ខែមករា ឆ្នាំ២០២៦ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទ្ធកម្ពុជា ដែលសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក រដ្ឋបាលស្រុករមាសហែក មន្ទីរសុខាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង ក្នុងបរិវេណវិទ្យាល័យរមាសហែក ដើម្បីលើកកម្ពស់សុខុមាលភាព អប់រំសុខភាព និងបង្កើនភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕








