ព័ត៌មានជាតិ

លទ្ធផលព័ទ្ធទីតាំងមួយកន្លែងរកឃើញឈើច្រើនដុំ តែម្ចាស់ផ្ទះរត់គេចបាត់

មណ្ឌលគិរី៖ លទ្ធផលនៃការហ៊ុំព័ទ្ធទីតាំងសង្ស័យលាក់ទុកផលអនុផលព្រៃឈើ ត្រូវបានបញ្ចប់ដោយជោគជ័យ។ ក្នុងរបាយការមួយរបស់ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានបញ្ជាក់ថាការចុះប្រតិបត្តិការបង្ក្រាបទីតាំងប្រមូលផល និងសន្និធិផល អនុផលព្រៃឈើ ស្ថិតក្នុងភូមិសាស្ត្រភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនៅព្រឹក ថ្ងៃទី២៣មករា  ក្រុមការងារខណ្ឌរដ្ឋបាល ព្រៃឈើមណ្ឌលគិរី រួមជាមួយសង្កាត់រដ្ឋបាលព្រៃឈើសែនមនោរម្យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ ប៉ុស្តិ៍រដ្ឋបាលនគរបាលសុខដុម បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងមានការចូលរួម ពីអាជ្ញាធរមូលដ្ឋានរដ្ឋបាលសង្កាត់សុខដុម ដោយមានការឯកភាពពីលោក ស៊ាវ ងី ឈា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី ក្រុមការងារបានចុះប្រតិបត្តិការបង្ក្រាបទីតាំងប្រមូលផល និងសន្និធិផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ត្រង់ចំណុចលំនៅឋានរបស់ឈ្មោះ ប្រាក់ គា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្នុងរបាយការបញ្ជាក់ថា នៅពេលក្រុមការងារបានចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងត្រង់ចំណុចលំនៅឋានរបស់ឈ្មោះ ប្រាក់ គា ត្រង់ចំណុច និយាមកា (៧៣៧៥១០-១៣៧៨៩៩៤) ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជនឈ្មោះ ប្រាក់ គា បានបើករថយន្តម៉ាកLEXUS LX47o ពណ៌ខ្មៅ ចង្កូតឆ្វេង ពុំចាំស្លាកលេខ រត់គេចចេញ បាត់ពីលំនៅឋាន (កន្លែងកើតហេតុ) ។ ខណៈនោះមានជនឈ្មោះ សែន សារ៉ាយ បានអះអាងថាខ្លួនត្រូវជាឪពុកក្មេក របស់ឈ្មោះ ប្រាក់ គា បានអនុញ្ញាតអោយក្រុមការងារយើងធ្វើការត្រួតពិនិត្យ និងឆែកឆេរ បរិវេណលំនៅឋាន ដោយ ធ្វើលិខិតអនុញ្ញាតទុកជាភស្តុតាង ។

សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងឆែកឆេរបរិវេណទីតាំងលំនៅ ឋានរបស់ជនឈ្មោះ ប្រាក់ គា យើងបានរកឃើញវត្ថុតាងបទល្មើសព្រៃឈើរួមមាន ៖ ឈើអារប្រភេទលេខ១ និង លេខ២ (សុក្រម និងខ្វាវ ចំនួន ៥៥ដុំ/សន្លឹក (ពុំទាន់វាស់វែង និងរថយន្តចំនួន០១គ្រឿង ម៉ាកTACOMA ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ2BE-9673 ដែលជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ ។

ក្រុមការងារពិនិត្យឃើញថា ការប្រមូលផល និងសន្និធិផល-អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពី រដ្ឋបាលព្រៃឈើ ខាងលើ ជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើ ដូចនេះក្រុមការងារបានសម្រេចធ្វើការចាប់ឃាត់ និងដកហូតវត្ថុតាងបទល្មើសទាំងអស់ខាងលើ នាំយកមករក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើ មណ្ឌលគិរី ដើម្បីបន្តអនុវត្តទៅតាមនីតិវិធី នៃច្បាប់ស្តីពីព្រៃឈើ ៕

ដោយ៖ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top