សង្គមស៊ីវិលកម្ពុជា-ចិន ចែករំលែកអំណរឆ្នាំថ្មីចិនជាមួយជនមានពិការភាព
សៀមរាប៖ រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប តាមរយៈកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិន Sany បានរៀបចំកម្មវិធីទទួលអំណរឆ្នាំថ្មីប្រពៃណីជនជាតិចិន ជាមួយក្រុមជនដែលមានពិការភាពដោយសារគ្រាប់មីន។

លោក យុន ប៊ុនថង តំណាងឱ្យជនពិការទាំង ១០រូបដែលទទួលបានអំណោយជាគ្រឿងឧបភោគ-បរិភោគ និងការគាំទ្រនានាពីមូលនិធិចិន Sany បានជម្រាបថា អំណោយទាំងនេះបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាពដោយសារគ្រាប់មីន ហើយអំណោយដែលមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃពិតជាឆ្លើយតបនឹងតម្រូវការចាំបាច់នានា។

លោកក៏បានបន្ថែមថា តាមរយៈកិច្ចគាំទ្រពីលោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី និងក្រោមកិច្ចសម្របសម្រួលពីលោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី សង្គមស៊ីវិលកម្ពុជា និងសង្គមស៊ីវិលចិនជាច្រើនតែងបានរួមចំណែកជាមួយរដ្ឋបាលស្រុកបន្ទាយស្រីក្នុងការជួយសម្រួលជីវភាពរស់នៅរបស់ជនមានពិការភាព។
លោកស្រី Song Ximei ប្រធាននាយកដ្ឋានសង្គ្រោះ គ្រោះមហន្តរាយនៃមូលនិធិចិនសប្បុរសធម៌ Sany បានរំលេចថា សកម្មភាពមនុស្សធម៌នេះ ជាផ្នែកមួយនៃកិច្ចខិតខំបង្កើនទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រជាជននិងប្រជាជនកម្ពុជា–ចិន ដោយឆ្លុះបញ្ចាំងពីស្មារតីមិត្តភាព ការយោគយល់ និងការរួមចំណែកចែករំលែកសេចក្តីស្រឡាញ់ក្នុងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
លោកស្រីបានបន្ថែមថា មូលនិធិចិន Sany តែងបានសហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលមានពិការភាព តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងមូលនិធិចិន Peaceland ក្នុងការគាំទ្រផ្នែកសង្គមនិងការអភិវឌ្ឍសហគមន៍នៅជនបទរបស់ប្រទេសកម្ពុជា។

លោក Liu Wenzhi តំណាងមូលនិធិចិន Peaceland បានកត់សម្គាល់ថា អំណោយនេះមិនត្រឹមតែជាការជួយសម្រាលបន្ទុកជូនដល់ជនមានពិការភាពដោយសារគ្រាប់មីនប៉ុណ្ណោះទេ ថែមទាំងជាការរួមចំណែកគាំទ្រដល់បេសកកម្មបោសសម្អាតមីននៅកម្ពុជារបស់មណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលជាកិច្ចការសំខាន់ក្នុងការស្តារសុវត្ថិភាព និងបង្កើនឱកាសអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅតំបន់ជនបទ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានទទួលស្គាល់ថា អំណោយនាថ្ងៃនេះពិតជាបានចូលរួមលើកទឹកចិត្តផ្ទាល់ដល់គ្រួសារដែលរងគ្រោះពីសំណល់សង្គ្រាម ហើយកម្មវិធីផ្តល់អំណោយនេះក៏បានរួមចំណែកចែករំលែកភាពកក់ក្តៅពីមិត្តចិនសម្រាប់ការត្រៀមទទួលអំណរឆ្នាំថ្មីប្រពៃណីជនជាតិចិន ហើយសកម្មភាពរបស់សង្គមស៊ីវិលចិនដែលមានមូលនិធិ Sany និងមូលនិធិ Peaceland ជាគំរូភាពបានបង្ហាញពីការយកចិត្តទុកដាក់របស់សង្គមស៊ីវិលចិន ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្រុមងាយរងគ្រោះដោយសារគ្រាប់មីន៕
