រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំអាជ្ញាធរខេត្តព្រៃវែង ត្រូវសិក្សារិះរកយុទ្ធសាស្ដ្រថ្មីៗ ក្នុងការផ្ដល់សេវាសាធារណៈ
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តព្រៃវែង រួមគ្នាពង្រឹងការងារសន្តិសុខ និងត្រូវសិក្សារិះរកយុទ្ធសាស្ត្រថ្មីៗក្នុងការផ្ដល់សេវាសាធារណៈ ឱ្យកាន់តែមានភាពសាមញ្ញ ឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីបង្កើនភាពជឿជាក់ និងទាក់ទាញការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

ការណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រៃវែង។

ពីវេទិកាអធិបតីនៃពិធីបិទសន្និបាតនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានផ្ដល់អនុសាសន៍ណែនាំរដ្ឋបាលខេត្ត អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានខេត្តព្រៃវែង ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព និងប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តភារកិច្ចឱ្យសម្រេចបានលទ្ធផលកាន់តែប្រសើរឡើងក្នុងឆ្នាំ២០២៦។

ក្នុងនោះ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការងារអាទិភាពមួយចំនួន រួមមាន៖ ការបន្តការពារសន្តិភាព និងស្ថិរភាពនយោបាយ ការរឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងរដ្ឋបាលដែនដី ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ព្រំដែន ព្រមទាំងការកែលម្អរបៀបរបបធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ ក្នុងគ្រារដ្ឋបាលខេត្តព្រៃវែង ទើបមានការផ្លាស់ប្ដូរអភិបាលក្រុង ស្រុក មួយចំនួនជាបន្តបន្ទាប់ នាឆ្នាំ២០២៦នេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ឱ្យបន្តបំពេញតួនាទីស្របតាមច្បាប់ ក្នុងការងារបម្រើប្រជាពលរដ្ឋ ដោយត្រូវមានកិច្ចសហការជាធ្លុងមួយជាមួយមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានរៀងៗខ្លួន។

បើតាម ប្រមុខក្រសួងមហាផ្ទៃ រដ្ឋបាលក្រុងស្រុក សម្រេចបានជោគជ័យការងាររបស់ខ្លួន ក៏ជាការកំណត់ភាពជោគជ័យរបស់រដ្ឋបាលខេត្តដូចគ្នាដែរ។ ចំណែកជោគជ័យនៃផែនការឃុំ-សង្កាត់ ក៏រួមចំណែកសម្រេចបានជោគជ័យផែនការរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខេត្តដូចគ្នាដែរ៕
