ក្រសួងសុខាភិបាល ណែនាំពីការការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ (Nipah Virus)
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ (Nipah Virus) ខណ:មកទល់នឹងពេលនេះ កម្ពុជាមិនទាន់រកឃើញមានវីរុសនេះ នៅលើមនុស្សនៅឡើយ។
ក្រសួងសុខាភិបាលកម្ពុជា បានជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ជំងឺនីប៉ាហ៍ (Nipah)គឺ ជាជំងឺបង្កឡើងដោយវីរុសនីប៉ាហ៍ រាលដាលដោយផ្ទុកលើសត្វប្រចៀវ សត្វប្រឹង និងអាចឆ្លងមក មនុស្ស និងជ្រូក។
ក្រសួង បន្ដថា ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ តាមទឹកសរីរាង្គ របស់មនុស្ស និងមានអត្រាស្លាប់ចន្លោះពី៤០ភាគរយទៅ៧០ភាគរយ។ វីរុសរកឃើញដំបូងក្នុងឆ្នាំ១៩៩៩ នៅ ប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី បណ្តាលឱ្យមនុស្ស១០០នាក់បានស្លាប់ក្នុងចំណោមអ្នកឆ្លងវីរុសចំនួន៣០០ នាក់។ ប៉ុន្តែបន្ទាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន មិនមានការផ្ទុះឡើងជាថ្មីត្រូវបានគេរាយការណ៍ពីប្រទេស ម៉ាឡេស៊ីទៀតទេ។
ក្រសួង បន្ថែមថា វីរុសត្រូវបានរកឃើញក្នុងប្រទេសបង់ក្លាដែសនិងប្រទេសឥណ្ឌាក្នុងឆ្នាំ ២០០១ និងមានការ ផ្ទុះឡើងស្ទើររាល់ឆ្នាំក្នុងប្រទេសបង់ក្លាដែសនិងភាគខាងកើតប្រទេសឥណ្ឌានៅចន្លោះពេលទៀងទាត់។ ប្រទេស កម្ពុជា នៅមិនទាន់រកឃើញមានវីរុសនីប៉ាហ៍នៅលើមនុស្សនៅឡើយ និងធ្លាប់រកឃើញលើសត្វប្រចៀវ៕
