ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចូលរួមគោរពវិញ្ញាណក្ខ័ន្ធបុណ្យសព លោកវរសេនីយ៍ត្រី សា ផល្លា
មណ្ឌលគិរី៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ នៅរសៀលថ្ងៃទី២៥មករា លោកឧត្តមសេនីយ៍ត្រី ឡេងសោភ័ណ្ឌ ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្រ្តីនគរបាលក្រោមឱវាទព្រមទាំងលោកនាយ នាយរងការិយាល័យបុគ្គលិក លោកមេបញ្ជាការវរព្រំដែនគោក៦២១ និងមន្ត្រីនគរបាលក្រោមឱវាទដឹកនាំក្រុមការងារអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធបុណ្យសព លោកវរសេនីយ៍ត្រី សា ផល្លា នាយប៉ុស្តិ៍នគរបាលការពារព្រំដែន ឡាប៉ាខេ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នាវេលាម៉ោង២០ និង ៤៦នាទី ដោយគ្រោះឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង។

ក្នុងឱកាសនោះលោកស្នងការរងបាននាំយកសាលិខិតរំលែកទុក្ខព្រមទាំងនាំយកថវិការបស់ លោកឧត្តមសេនីយ៍ទោស្នងការ ចំនួន ៣,០០០,០០០៛(បីលានរៀល)និងគ្រឿងឧបភោគបរិភោគមាន , អង្ករ ចំនួន១០០គីឡូក្រាម , ទឹកសុទ្ធ ចំនួន ២០កេះ , ទឹកក្រូច ចំនួន ១៥កេះ, មីខ្លាឃ្មុំ ចំនួន ៥កេះ , បានប្រគល់ជូនដល់ក្រុមគ្រួសារនៃសពនៅគេហដ្ឋាន។

ក្រោយពីបានធ្វើការប្រគល់និងទទួលនូវថវិកាជូនដល់ក្រុមគ្រួសារ មន្រ្តីនគរបាលដែលបានទទួលមរណៈភាពខាងលើនេះរួចមកលោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងបានសំដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតនូវការបាត់បង់ កងកម្លាំងនគរបាលជាតិ ១រូប ដែលរយៈពេលកន្លងមកបានខិតខំបំពេញការងារភារកិច្ច បំរើជាតិមាតុភូមិដោយពុំខ្លាចនូវការ នឿយហត់និងខិតខំបំរើការងារដល់អង្គភាពបានល្អ និងសកម្មក្នុងកិច្ចការងារបំរើបុព្វហេតុជាតិមាតុភូមិ។

មុននិងបញ្ចប់លោក ឧត្តមសេនីយ៍ត្រី ស្នងការរងបានបញ្ជាក់ផងដែរថាថវិកាទាំងអស់នេះដែលប្រមូលបានមកពីកងកម្លាំងនគរបាលយើងរួមអង្គភាព និង ជាថវិការបស់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ប្រគល់ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីយកទៅចាត់ចែងក្នុង ពិធីបុណ្យសពទៅតាមប្រពៃណី ៕




ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
