ព័ត៌មានជាតិ

កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹង កិច្ចប្រតិបត្តិការជាមួយគ្នា ឱ្យកាន់តែជិតស្និទ្ធ និងជំរុញកសិ-ពាណិជ្ជកម្ម

ភ្នំពេញ ៖ កម្ពុជា-ឡាវ បានបង្ហាញឆន្ទៈ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើន ជំរុញកសិ-ពាណិជ្ជកម្ម និងផ្តល់អត្ថប្រយោជន៍ ជូនប្រជាជននៃប្រទេសទាំងពីរ។

ការប្ដេជ្ញានេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ នាឱកាសលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំទ្វេភាគី និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ទំនិញ កសិផលជាមួយ លោកបណ្ឌិត Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម និងបរិស្ថានឡាវ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាឱកាស នៃជំនួប លោករដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយ ក្នុងការពង្រឹងកិច្ច សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការ តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នា(MoU) កន្លងមកប្រកប ដោយភាពប្រាកដនិយម និងបុរេសកម្ម ហេីយការចុះកិច្ចព្រមព្រៀងថ្ងៃនេះ បញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀត ហើយក្រុមការងារជំនាញទាំងពីរនឹងធ្វេីការ ជាមួយគ្នាពិនិត្យលើនីតិវិធី នៃការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម សំដៅបេីកផ្លូវនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធភាព នៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ ការកែលម្អបរិយាកាសវិនិយោគ ការកែលម្អផលិតកម្មពូជ ការលេីកកម្ពស់ស្តង់ដាផលិត ការតាំងពិព័រណ៍ផលិតផលកសិកម្ម ធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់ លើស្តង់ដាគុណភាព សុវត្ថិភាព ចំណាយថ្លៃដើមទាប និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ជាពិសេសការសហការរួមគ្នាលើការ ទប់ស្កាត់ភ្លើងឆេះព្រៃ ការអភិរក្សព្រៃឈើ សត្វព្រៃ ជីវចម្រុះ និងធនធានធម្មជាតិ។

កិច្ចប្រជុំនេះបញ្ចប់ដោយ លទ្ធផលផ្លែផ្កា ដោយសមភាគី កម្ពុជា-ឡាវ បានបង្ហាញឆន្ទៈ និងប្តេជ្ញាចិត្តពង្រឹងកិច្ច សហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើន ជំរុញកសិ-ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕

To Top