ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលបើកការ វាយប្រហារថ្មី តាមអាកាស ទៅលើប្រទេសលីបង់

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិន ស៊ិនហួយោធា នៃប្រទេសអ៊ីស្រាអែល បាននិយាយ កាលពីយប់ថ្ងៃអាទិត្យថា ខ្លួនបានចាប់ផ្តើមធ្វើការវាយប្រហារទៅលើតំបន់ ជាច្រើននៅក្នុងប្រទេសលីបង់ ដោយផ្តោតលើអ្វីដែលខ្លួន បានពិពណ៌នាថា ជាហេដ្ឋារចនាសម្ព័ន្ធសកម្មប្រយុទ្ធ Hezbollah ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាបាននិយាយថា ការវាយប្រហារនេះគឺដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា ការរំលោភម្តងហើយម្តងទៀតនៃការយល់ដឹងអំពីបទឈប់បាញ់ប៉ុន្តែដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

ការវាយប្រហារនេះ បានកត់សម្គាល់រលកទីពីរ នៃការវាយប្រហារតាម អាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូង ប្រទេសលីបង់កាលពីថ្ងៃអាទិត្យ។

ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់បានរាយការណ៍ថា លើកមុននេះការវាយប្រហារ បានសម្លាប់សមាជិកក្រុម Hezbollah ចំនួន២នាក់ ខណៈដែលមនុស្ស៥នាក់ ផ្សេងទៀតបានរងរបួស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការវាយប្រហារ ដោយរលកទីមួយ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់លោក Muhammad al-Husseini ដែលជាមេបញ្ជាការកាំភ្លើងធំរបស់ក្រុម Hezbollah នៅក្នុងភូមិ Arzoun ភាគខាងត្បូងប្រទេសលីបង់។

កន្លងមកអ៊ីស្រាអែល បានចោទប្រកាន់លោក al-Husseini ពីបទរៀបចំការវាយប្រហារ ជាច្រើនដង ប្រឆាំងនឹងកងកម្លាំង អ៊ីស្រាអែល និងការប៉ុនប៉ង ស្តារសមត្ថភាពកាំភ្លើងធំរបស់ក្រុម Hezbollah នៅភាគខាងត្បូងប្រទេសលីបង់៕

ប្រែសម្រួល៖ស៊ុនលី

To Top