ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីកាណាដា ឆ្លើយតបទៅលោក ត្រាំវិញថា កាណាដាមិនមានបំណង ចង់បន្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយប្រទេសចិននោះទេ

បរទេស៖ លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា បានមានប្រសាសន៍ កាលពីថ្ងៃអាទិត្យថា ប្រទេស របស់លោកមិនមាន បំណងចង់បន្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយប្រទេសចិនទេ។ លោកកំពុងឆ្លើយតប ទៅនឹងការគំរាមកំហែង របស់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដាក់ពន្ធ ១០០% លើទំនិញដែលនាំចូល ពីប្រទេសកាណាដា ប្រសិនបើប្រទេសជិតខាងភាគខាងជើង របស់អាមេរិកមួយនេះ បន្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Carney បាននិយាយថា កិច្ចព្រមព្រៀងថ្មីៗរបស់លោកជាមួយប្រទេសចិន គ្រាន់តែកាត់បន្ថយពន្ធលើវិស័យមួយចំនួនដែលទើបតែរងផលប៉ះពាល់ដោយពន្ធតែប៉ុណ្ណោះ។

លោក Trump អះអាងផ្ទុយពីនេះ ដោយបង្ហោះថា “ប្រទេសចិនកំពុងគ្រប់គ្រងប្រទេសកាណាដា ដែលធ្លាប់ជាប្រទេសដ៏អស្ចារ្យ និងជោគជ័យទាំងស្រុង។ គួរឱ្យសោកស្ដាយណាស់ដែលឃើញវាកើតឡើង។ លោកថា ខ្ញុំគ្រាន់តែសង្ឃឹមថាពួកគេនឹងទុកកីឡាហុកគី លើទឹកកកឱ្យនៅម្នាក់ឯង! ។

នៅឆ្នាំ ២០២៤ ប្រទេសកាណាដា បានឆ្លុះបញ្ចាំងពីសហរដ្ឋអាមេរិក គឺកាណាដាបានដាក់ពន្ធ ១០០% លើយានយន្តអគ្គិសនី ពីទីក្រុងប៉េកាំង និងពន្ធ ២៥% លើដែកថែប និងអាលុយមីញ៉ូម។ ចំណែកប្រទេសចិនវិញ បានឆ្លើយតបដោយដាក់ពន្ធនាំចូល ១០០% លើប្រេងកាណូឡា និងអាហារកាណាដា និង 25% លើសាច់ជ្រូក និងអាហារសមុទ្រផងដែរ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top