ព័ត៌មានជាតិ

កម្លាំងនគបាលស្រុកក្រគរ សហការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ១នាក់ ករណីលួចម៉ូតូ

ពោធិ៍សាត់៖ ដោយអនុវត្តនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង១៥និង១០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំ បានសហការចុះបង្ក្រាបករណីលួចម៉ូតូ នៅចំណុចមុខផ្ទះរបស់ឈ្មោះ យ៉ុន សារ៉ាន់ ស្ថិតនៅភូមិក្របីស ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាន នគបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យន់ សារឿន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរបកសិករ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិឃុំ កើតហេតុខាងលើ និងយោងកំណត់ហេតុបណ្ដឹង របស់ជនរងគ្រោះឈ្មោះ យន់ សារឿន  បានរៀបរាប់ថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង១៤និង៣០នាទី ខ្លួនបានជិះម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ2016 ស្លាកលេខពោធិ៍សាត់1G-5422 ដើម្បីទៅទិញមីនៅផ្ទះរបស់ឈ្មោះ យ៉ុន សារ៉ាន់ ពេលមកដល់ខ្លួនពុំ បានដកសោរម៉ូតូទេ ហើយចូលរើសអីរ៉ាន់ និង ទិញមីស្រាប់តែឃើញមនុស្ស ប្រុសពីរនាក់ ពាក់មួក សុវត្ថិភាព និងអាវដៃវែងពណ៌ខ្មៅ ជិះអាសង់ពណ៌ខ្មៅ តែខ្លួនមិនចាំស្លាកលេខ និងឆ្នាំផលិត ឈប់ម៉ូតូក្បែរម៉ូតូ របស់ខ្លួនហើយសួររកទិញបារី និងភេសជ្ជៈស្ទីង ដោយសារអ្នកលក់គាត់ចាស់មិនស្គាល់ភេសជ្ជៈ ទើបខ្លួនទៅជួយរកស្រាប់ តែបុរសម្នាក់ក្នុងចំណោមបក្សពួកនោះបានយកម៉ូតូរបស់ខ្លួនជិះចេញទៅទិសខាងកើតតាមបណ្ដោយផ្លូវជាតិលេខ៥ ភ្លាមនោះខ្លួនក៏រត់ដេញចាប់តែមិនទាន់ ខ្លួនបានស្រែកឆោឡោទើបដឹងដល់ប្រជាការពារភូមិ ហៅតេអូរតៗគ្នា ឲ្យជួយចាប់ចោរលួចម៉ូតូរបស់ខ្លួន ។
ជនសង្ស័យឈ្មោះ ជា រស្មី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ ស្រុកកំណើតភូមិទួលលាន ឃុំជ័យកំពក ស្រុកព្រះស្ដេចខេត្តព្រៃវែង និងវត្ថុតាងដកហូត ម៉ូតូម៉ាកសងC125 ពណ៌ខ្មៅ ផលិតឆ្នាំ2016 ស្លាកលេខពោធិ៍សាត់1G-5422 មួកសុវត្ថិភាព ពណ៌ខ្មៅចំនួន១ ក្រោយធ្វើការបង្រ្កាបរួចសមត្ថកិច្ច បានប្រគល់វត្ថុតាងជូនជនរងគ្រោះវិញ។

ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរតាមបញ្ជរ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៥ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៥ និង២៣នាទី ដើម្បីបញ្ជូនទៅខេត្តអនុវត្តនីតិវិធីបន្ត។

អត្ថបទនេះ÷ ស្នងការនគរបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល

To Top