ព័ត៌មានជាតិ

លោក​ ឃួង ស្រេង ៖ ការរក្សាសន្តិសុខ សុវត្ថិភាពបានល្អ ពិតជាទទួលបានការជឿទុកចិត្ត និងទាក់ទាញអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកលើងថា ការរក្សាសន្តិសុខ សុវត្ថិភាពបានល្អនៅកម្ពុជា ពិតជាទទួលបានការជឿទុកចិត្ត និងទាក់ទាញអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា​ កាន់តែច្រើនឡើង។

ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធជាផ្លូវការមជ្ឈមណ្ឌលទំនិញ យោភីង (YOUPIN MALL) កាលពីសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦នេះ ស្ថិតនៅលើផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្នុងឱកាសនេះ លោក ឃួង ស្រេង បានលើកឡើងថា ក្នុងរយៈពេល២៨ឆ្នាំចុងក្រោយនេះ ខណៈប្រទេសកម្ពុជា មានសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ដោយបានធ្វើឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចជាតិ ឱ្យមានភាពរឹងមាំ ជាមួយនិងការពង្រីកពាណិជ្ជកម្មកាន់តែធំឡើង។ ការពង្រឹង ការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធជាតិ គឺដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ កាន់តែរីកចំរើនបន្ថែមទៀតទៅថ្ងៃអនាគត់ គឺក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ការរក្សាសន្តិសុខ សុវត្ថិភាពបានល្អនៅកម្ពុជា​ ពិតជាទទួលបានការជឿទុកចិត្ត ទាក់ទាញអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា​ កាន់តែច្រើនឡើង។ ដូច្នេះត្រូវរួមគ្នារក្សាសន្តិភាពនេះឱ្យបានគង់វង់ ទោះក្នុងតម្លៃណាក៏ដោយ។ ជាក់ស្តែងនៅពេលនេះ អ្នកវិនិយោគបានបង្កើតឱ្យមានមជ្ឈមណ្ឌលទំនិញ យោភីង (YOUPIN MALL) ដែលនាំឱ្យមានកំណើនសេដ្ឋកិច្ច ជាមួយនិងការទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ឱ្យមកលេងនៅរាជធានីភ្នំពេញ កាន់តែច្រើនឡើង។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរូចជាស្រេច ទទួលអ្នកវិនិយោគ ដើម្បីកំណើនសេដ្ឋកិច្ចខ្ពស់។

ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានខណ្ឌទាំង១៤និងសង្កាត់ទាំង១០៥ ត្រូវយកចិត្តទុកដាក់រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់និងអនាម័យ បរិស្ថានល្អ ដើម្បីជាការទាក់ទាញអ្នកវិនិយោគ ឱ្យមកវិនិយោគនៅរាជធានីភ្នំពេញ កាន់តែច្រើនបន្ថែមទៀត៕ ដោយ៖​ ដារាត់| ដើមអម្ពិល

To Top