ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ នឹងអញ្ជើញចូលរួម វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ នៅហ្វីលីពីន

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល លោក ហួត ហាក់ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦នេះ ប្រារព្ធឡើងក្រោមប្រធានបទ “រៀបចំអនាគតទេសចរណ៍រួមគ្នា (Navigating Our Future, Together)” ដោយមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេស សមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា រុស្ស៊ី និងស្ថាប័នដៃគូអាស៊ានសំខាន់ៗមួយចំនួនទៀត។ នាឱកាសវេទិកាទេសចរណ៍អាស៊ាននេះ លោករដ្ឋមន្ត្រី នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ទេសចរណ៍អាស៊ាន លើកទី២៩ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី២៥ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា លើកទី១៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៊ី លើកទី៥។ អង្គប្រជុំនឹងពិនិត្យវឌ្ឍនភាពការងារ ដាក់ចេញនូវទិសដៅការងារ និងអនុម័តលើឯកសារសំខាន់ៗមួយចំនួន ជាពិសេសផែនការវិស័យទេសចរណ៍ អាស៊ាន ឆ្នាំ២០២៦-២០៣០។

ឆ្លៀតក្នុងឱកាសចូលរួមព្រឹត្តិការណ៍ខាងលើ លោករដ្ឋមន្ត្រី ក៏នឹងជួបប្រជុំទ្វេភាគីជាមួយ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍​ នៃប្រទេសសមាជិកអាស៊ាន និងប្រធានស្ថាប័នដៃគូអាស៊ានមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញលំហូរភ្ញៀវទេសចរ មកកាន់កម្ពុជាបន្ថែមទៀត។

ទន្ទឹមនឹងនេះ កម្ពុជា នឹងទទួលជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានចំនួន ៦ ប្រភេទ៖ រង្វាន់ទីក្រុង ស្អាតអាស៊ាន ចំនួន ៥ រង្វាន់សណ្ឋាគារបៃតងអាស៊ាន ចំនួន ៥ រង្វាន់ទេសចរណ៍ប្រកបដោយចីរភាពអាស៊ាន ចំនួន ២ រង្វាន់ស្តង់ដា MICE អាស៊ានប្រភេទបន្ទប់ប្រជុំ ចំនួន ៥ រង្វាន់ស្តង់ដា MICE អាស៊ានប្រភេទ សាលពិព័រណ៍ ចំនួន ៥ និងរង្វាន់ស្តង់ដា MICE អាស៊ានប្រភេទសាលរៀបចំព្រឹត្តិការណ៍ ចំនួន ៥។ ដោយឡែក ក្រសួងទេសចរណ៍ក៏នឹងដឹកនាំផ្នែកឯកជន និងប្រតិបត្តិករទេសចរណ៍ ចូលរួមក្នុង ពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX) ដោយរំពឹងថាពិព័រណ៍នេះ នឹងមានប្រតិភូចូលរួមចំនួន ៨៥០ នាក់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ចំនួន ១០០ ស្តង់ពិព័រណ៍ (Booths) ចំនួន ៣៥០ ស្តង់ អ្នកលក់ (Sellers) ចំនួន ២៥០ ក្រុមហ៊ុន ផងដែរ៕ ដោយ៖​ ដារាត់| ដើមអម្ពិល

To Top