ព័ត៌មានជាតិ

ក្រសួងការងារ បានដោះស្រាយបញ្ចប់សព្វគ្រប់ យ៉ាងលឿនរហ័ស ចំពោះការទាមទារ របស់បងប្អូនកម្មកររោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខណៈដែលកម្មករ នឹងចូលធ្វើការវិញនៅថ្ងៃស្អែក

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដោះស្រាយបញ្ចប់យ៉ាងលឿនរហ័ស ចំពោះការតវ៉ារបស់បងប្អូនកម្មករនិយោជិត នៃរោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន (ខេមបូឌា) ឯ.ក ទាំងពីរទីតាំង ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងក្នុងស្រុកបាទី ខេត្តតាកែវ ហើយក្នុងនោះកម្មករ និយោជិតនឹងចូលធ្វើការងារ ជាធម្មតាវិញនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ។ នេះបើតាមការបញ្ជាក់ពីលោកស៊ុន មេសា អ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សួមជម្រាបថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាមៗ លោក ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រុមអន្តរាគមន៍ក្រសួង និង មន្ទីរការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទៅសម្របសម្រួលដោះស្រាយ ករណីនេះដោយមានការចូលរួមពីតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ, តំណាងអាជ្ញាធរមូលដ្ឋាន, តំណាងរោងចក្រ និងតំណាងកម្មករ-និយោជិតដើម្បីស្តាប់កង្វល់ និងបញ្ហានានារបស់បងប្អូនកម្មករ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបញ្ជាក់ថា ការដោះស្រាយដ៏លឿនរហ័ស និងមានប្រសិទ្ធភាព របស់ក្រសួងការងារចំពោះកម្មករ កម្មការិនី គឺជាកិច្ចការងារអាទិភាព របស់ក្រសួង ក្នុងយកចិត្តទុកដាក់ ចំពោះបងប្អូនកម្មករនិយោជិត ដោយផ្អែកលើការយោគយល់ អធ្យាស្រ័យ និងលិខិតបទដ្ឋានគតិយុត្ត ៕

To Top