ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ កម្លាំងមហាសាមគ្គីខ្មែរ បានពួតដៃគ្នាជាធ្លុងមួយ ចូលរួមការពារទឹកដី ជាមួយរាជរដ្ឋាភិបាល

ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរ មកពីគ្រប់ទិសទីបានរួមគ្នា ជាមហាសាមគ្គីចូលរួមចំណែកការពារបូរណភាពទឹកដី ជាមួយរាជរដ្ឋាភិបាលកម្ពុជា រាប់តាំងពីថ្ងៃយោធាថៃឈ្លានពានកម្ពុជា ។
ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦លោក ប៉ែន បូណា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទី រាប់ទាំងព្រះសង្ឃ អ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម បានបង្ហាញស្មារតីស្នេហាជាតិ និងសាមគ្គីភាពយ៉ាងរឹងមាំដោយរួមគ្នាការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងសកម្មក្លៀវក្លា ជាមួយរាជរដ្ឋាភិបាល ។

លោកបន្តថា “ប្រតិកម្មរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានធ្វើឡើងតាមគ្រប់រូបភាព ទាំងនៅលើបណ្តាញសង្គម នៅតាមវេទិកាសាធារណៈនានា ក៏ដូចជាការប្រមូលផ្តុំគ្នាដើម្បីបញ្ចេញ សំឡេងតវ៉ា និងការស្វះស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិឱ្យដឹងលឺ និងជួយគាំទ្របុព្វហេតុដ៏ត្រឹមត្រូវ របស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់ អន្តរជាតិដែលហាមឃាត់ការកាន់កាប់ទឹកដី ដោយប្រើប្រាស់កម្លាំង” ។

អ្នកនាំពាក្យបន្ថែមថា និយាយជារួម ទីណាមានប្រជាពលរដ្ឋខ្មែររស់នៅ ទីនោះមានសំឡេង ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា លាន់លឺយ៉ាងកងរំពង។ បន្ថែមពីលើនេះ សកម្មភាពសប្បុរសធម៌ដើម្បីជួយដល់វីរកងទ័ព និងវីរនគរបាលជាតិ ដែលឈរជើងនៅជួរមុខ ក៏ដូចជាជួយដល់ជនភៀសសឹក ក៏កើតមានយ៉ាងគគ្រឹកគគ្រេងពីគ្រប់មជ្ឈដ្ឋាន ។

លោកសង្កត់ធ្ងន់ថា នេះគឺជាកម្លាំងចលករដ៏ខ្លាំងក្លា ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា តាមរយៈការរក្សាជំហររឹងមាំ និងស្រុះគ្នាជាសំឡេងតែមួយរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដែលជាកម្លាំងសាមគ្គីដ៏រឹងមាំ នៃមហាគ្រួសារខ្មែរដើម្បីថែរក្សាការពារបូរណភាពទឹកដី ក្នុងដែនអធិបតេយ្យស្របច្បាប់របស់ខ្លួន យ៉ាងប្តូរផ្តាច់បំផុតនិងឥតងាករេ៕

To Top