ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅហ្វីលីពីន
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ តបតាមការ អញ្ជើញរបស់លោកស្រី ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ថា កិច្ចប្រជុំនេះ ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា កិច្ចប្រជុំនេះនឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែល ប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ព្រមទាំងពិភាក្សាអំពីអាទិភាព និងសមិទ្ធផលសំខាន់ៗ ក្រោមភាពជា ប្រធានអាស៊ានរបស់ហ្វីលីពីនសម្រាប់ឆ្នាំ២០២៦ ក្នុងគោលបំណងសម្រេចឱ្យបាននូវសហគមន៍អាស៊ាន ឆ្នាំ២០៤៥។
រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនង ខាងក្រៅរបស់អាស៊ាន និង មជ្ឈភាពអាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ ដែលប្រែប្រួលយ៉ាងឆាប់រហ័ស ក៏ដូចជាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដែលរួមមានការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា និង វិធានការតាមដាន ចំពោះកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និង ថៃ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។
ក្នុងឱកាស នៃកិច្ចប្រជុំចង្អៀតនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏គ្រោងនឹងមានជំនួបដាច់ដោយ ឡែកជាមួយសមភាគីអាស៊ានមួយចំនួនផងដែរ ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការទ្វេភាគី សម្រាប់ជាផលប្រយោជន៍ និងអត្ថប្រយោជន៍ទៅវិញទៅមក៕
