ប្រធានអង្គការសុខភាពពិភពលោក៖ ហេតុផលនៃការដកខ្លួនរបស់អាមេរិក មិនមែនជាការពិត
ហ្សឺណែវ៖ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានពណ៌នាអំពីហេតុផលដែលសហរដ្ឋអាមេរិក បានផ្តល់ឱ្យសម្រាប់ការដកខ្លួនចេញពីអង្គការឃ្លាំមើលសុខភាពពិភពលោកថា «មិនមែនជាការពិត»។ នៅលើវេទិកាសង្គម X ប្រធានអង្គការសុខភាពពិភពលោកបានកត់សម្គាល់ថា ចលនានេះនឹងធ្វើឱ្យសហរដ្ឋអាមេរិកខ្លួនឯង និងពិភពលោក «មានសុវត្ថិភាពតិចជាងមុន»។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ដែលជាថ្ងៃដំបូងនៃអាណត្តិទីពីររបស់លោក ដើម្បីចាប់ផ្តើមជាផ្លូវការនូវការចាកចេញរបស់សហរដ្ឋអាមេរិក ពីទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ។ អង្គការសហប្រជាជាតិ បានទទួលការជូនដំណឹងជាផ្លូវការពីរថ្ងៃក្រោយមក។
ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ការដកខ្លួននេះចូលជាធរមានមួយឆ្នាំបន្ទាប់ពីការជូនដំណឹងត្រូវបានផ្តល់ឱ្យ។ ដោយសរសើរការចូលរួមចំណែកដែលធ្វើឡើងដោយសហរដ្ឋអាមេរិក ជាសមាជិកស្ថាបនិកចំពោះសមិទ្ធផលដ៏អស្ចារ្យបំផុតជាច្រើនរបស់អង្គការសុខភាពពិភពលោក លោក Tedros បានសរសេរនៅក្នុងសារលើបណ្ដាញសង្គម X ថា «ជាអកុសល ហេតុផលដែលបានលើកឡើងសម្រាប់ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក គឺមិនជាការពិតនោះទេ»។
លោកបានលើកឡើងថា វិធានការរបស់សហរដ្ឋអាមេរិក «ធ្វើឲ្យទាំងសហរដ្ឋអាមេរិក និងពិភពលោកមានសុវត្ថិភាពតិចជាងមុន» ដោយបង្ហាញក្តីសង្ឃឹមថា សហរដ្ឋអាមេរិក «នឹងត្រឡប់មកចូលរួមយ៉ាងសកម្មក្នុង WHO វិញនៅថ្ងៃអនាគត»។ នៅថ្ងៃសៅរ៍សប្ដាហ៍មុនផងដែរ WHO បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការសោកស្ដាយចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិក និងបដិសេធការចោទប្រកាន់ដែលធ្វើឡើងដោយរដ្ឋបាលលោក ដូណាល់ ត្រាំ។
អង្គការនេះបានឲ្យដឹងថា ការដកខ្លួនរបស់សហរដ្ឋអាមេរិកលើកឡើងពីបញ្ហាដែលនឹងត្រូវពិចារណាដោយក្រុមប្រឹក្សាភិបាលប្រតិបត្តិ WHO នៅក្នុងកិច្ចប្រជុំធម្មតារបស់ខ្លួនដែលចាប់ផ្តើមនៅថ្ងៃទី ២ ខែកុម្ភៈ និងដោយសភាសុខភាពពិភពលោកនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួននៅខែឧសភា ឆ្នាំ ២០២៦៕
ប្រែសម្រួល ឈូក បូរ៉ា
