ព័ត៌មានអន្តរជាតិ

អាមេរិក រុស្ស៊ី និងអ៊ុយក្រែន នឹងបន្តកិច្ចចរចាត្រីភាគីនៅទីក្រុងអាប៊ូដាប៊ី នៅសប្ដាហ៍ក្រោយ

មូស្គូ៖ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក Steve Witkoff បានឲ្យដឹងថា កិច្ចចរចាត្រីភាគីរវាងសហរដ្ឋអាមេរិក-រុស្ស៊ី-អ៊ុយក្រែន នឹងបន្តនៅសប្តាហ៍ក្រោយនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម (UAE) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន TASS។

លោក Witkoff បានឲ្យដឹងនៅក្នុងការបង្ហោះមួយនៅលើវេទិកាសង្គម X ថា “នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍មុន សហរដ្ឋអាមេរិក បានសម្របសម្រួលកិច្ចប្រជុំត្រីភាគីមួយ រួមជាមួយអ៊ុយក្រែន និងរុស្ស៊ី ដែលរៀបចំដោយអារ៉ាប់រួម។ កិច្ចចរចាមានភាពស្ថាបនាខ្លាំង ហើយផែនការត្រូវបានធ្វើឡើង ដើម្បីបន្តការសន្ទនានៅសប្តាហ៍ក្រោយនៅទីក្រុងអាប៊ូដាប៊ី”។

កិច្ចប្រជុំនេះ ដែលបានធ្វើឡើងនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ នៅរដ្ឋធានីអារ៉ាប់រួម គឺជាកិច្ចចរចាត្រីភាគីលើកដំបូងចាប់តាំងពីការផ្ទុះឡើងនៃវិបត្តិអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទោះបីជាមិនមានកិច្ចព្រមព្រៀងជាក់លាក់ ឬសេចក្តីថ្លែងការណ៍រួមណាមួយត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានពណ៌នាអំពីកិច្ចចរចានេះថាមានលក្ខណៈស្ថាបនានៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម X។ ភាគីរុស្ស៊ីមិនទាន់បានធ្វើអត្ថាធិប្បាយជាផ្លូវការលើលទ្ធផលនៃការចរចាទាំងនេះនៅឡើយទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top