វិទ្យាស្ថាន វីលៀម អាងលីស របស់អូស្ត្រាលី ប្តេជ្ញាចូលរួមជាមួយ ក្រសួងទេសចរណ៍ ក្នុងការបណ្តុះបណ្តាល វិជ្ជាជីវៈក្នុងវិស័យម្ហូបអាហារ ទេសចរណ៍ និងបដិសណ្ឋារកិច្ច
ភ្នំពេញ៖ វិទ្យាស្ថាន វីលៀម អាងលីស (William Angliss Institute) ដែលជាមជ្ឈមណ្ឌលឯកទេសធំបំផុត នៅប្រទេសអូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាល ក្នុងវិស័យម្ហូបអាហារ ទេសចរណ៍ បដិសណ្ឋារកិច្ច ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យម្ហូបអាហារ ទេសចរណ៍ និងបដិសណ្ឋារកិច្ច

ការប្តេជ្ញានេះ ធ្វើឡើងក្នុងឱកាសដែលលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Wayne Crosbie នាយកផ្នែកអន្តរជាតិ និងការអភិវឌ្ឍន៍ធុរកិច្ចនៃវិទ្យាស្ថាន វីលៀម អាងលីស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីសាលាវិជ្ជាជីវៈទេសចរណ៍។

ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់វិទ្យាស្ថានក្នុងនាមជា ក្រុមហ៊ុនមួយក្នុងការផ្តល់ប្រឹក្សាយោបល់ របស់សាលាវិជ្ជាជីវៈទេសចរណ៍ ដែលបានជួយរៀបចំកម្មវិធីសិក្សា ឯកសារសៀវភៅបណ្តុះបណ្តាល និងបណ្តុះបណ្តាលគ្រូបង្គោល របស់សាលាវិជ្ជាជីវៈទេសចរណ៍ទាំង២ទីតាំង (រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ) នាពេលកន្លងមក។

គួរឱ្យដឹងថា វិទ្យាស្ថាន វីលៀម អាងលីស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤០។ វិទ្យាស្ថាន វីលៀម អាងលីស គឺជាមជ្ឈមណ្ឌលឯកទេសធំបំផុត នៅប្រទេសអូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យម្ហូបអាហារ ទេសចរណ៍ បដិសណ្ឋារកិច្ច។ បច្ចុប្បន្ន វិទ្យាស្ថាននេះ ត្រូវបានទទួលស្គាល់ជាវិទ្យាស្ថានអប់រំ និងបណ្តុះបណ្តាលឯកទេស ដែលផ្តល់នូវកម្មវិធីបណ្តុះបណ្តាលជាង ១៤៣ កម្មវិធី។

ជាមួយគ្នានេះដែរ លោក Wayne Crosbie ក៏បានលើកឡើងនូវបញ្ហាប្រឈម និងបានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ជូនក្រសួងទេសចរណ៍ ដើម្បីជាធាតុចូលបន្ថែម ក្នុងការដាក់ឱ្យអនុវត្តសាលាវិជ្ជាជីវៈ ទេសចរណ៍នាពេលខាងមុខ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងទទួលយកនូវអនុសាសន៍របស់វិទ្យាស្ថានដើម្បីទៅពិនិត្យ និងសិក្សាបន្ថែម ។ មុននឹងបញ្ចប់ លោក Wayne Crosbie ក៏បានគោរពអញ្ជើញលោករដ្ឋមន្រ្តី ដើម្បីទៅធ្វើទស្សនកិច្ច សិក្សានៅវិទ្យាស្ថាន វីលៀម អាងលីស ក្នុងប្រទេសអូស្រ្តាលី ក្នុងពេលវេលាសមស្របណាមួយ៕
ដោយ៖ ដារាត់| ដើមអម្ពិល




