ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ៖ ប្រទេសជឿនលឿន អ្នកកើតជំងឺមហារីកច្រើន ជាងប្រទេស មិនទាន់ជឿនលឿន

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានលើកឡើងថា ប្រទេសជឿនលឿន មានអត្រាអ្នកកើតជំងឺ មហារីកច្រើន ជាងប្រទេស មិនទាន់ជឿនលឿន ដោយសារប្រទេស ជឿនលឿន បានចុះស្រាវជ្រាវរកអ្នកកើតជំងឺ ប្រភេទនេះ ។

ក្នុងសន្និសីទសារព័ត៌មាន នៃសន្និបាត សុខាភិបាលលើកទី៤៥ សាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា ប្រទេសជឿន លឿន មានអត្រាអ្នកឈឺជំងឺ មហារីក កើនឡើងច្រើន ហើយការទទួលការព្យាបាល ឲ្យជាសះស្បើយវិញ ក៏មានអត្រាខ្ពស់ផងដែរ ។ ចំណែកកម្ពុជា ដែលមិនទាន់ជឿនលឿន អត្រារកអ្នកកើតជំងឺមហារីក ក៏មិនទាន់មាន ចំនួនច្រើនដែរ ។ ដូច្នេះអត្រាព្យាបាលឲ្យជាស្បើយក៏នៅមានកម្រិត មិនទាន់ដូចប្រទេសជឿនលឿននោះទេ ។

លោកបញ្ជាក់ថា “ការកត់ត្រាសា្រវជ្រាវ រកជំងឺមហារីកបានកើនឡើងហើយ ហេតុដូច្នេះហើយ បានជាប្រទេសជឿនលឿន មានអត្រាជំងឺមហារីក ក្នុងចំណោមប្រជាជនច្រើនជាងប្រទេសដែលមិនទាន់ជឿនលឿន ។ មូលហេតុអ្វី? មូលហេតុគាត់ចេះ ទៅស្រាវជ្រាវរកឃើញជំងឺមហារីក នៅក្នុងចំណោមប្រជាជន ឃើញអស់ឬក៏ជិតអស់ ប៉ុន្តែប្រទេស មិនទាន់ជឿនលឿន ការស្រាវជ្រាវ ទៅលើអ្នកជំងឺក្នុងចំណោមប្រជាជន សរុបមិនទាន់រកបានច្រើនដូចប្រទេសជឿនលឿនទេ” ។

សាស្ត្រាចារ្យបន្ថែមថា ប៉ុន្តែការពិតប្រទេសមិនទាន់ជឿនលឿន ក៏មានអត្រាអ្នកកើតជំងឺមហារីកច្រើនផងដែរ គ្រាន់តែការចុះស្រង់ស្ថិតិមិនទាន់អស់ ។ លោកសង្កត់ធ្ងន់ថា សម្រាប់កម្ពុជាវិញ លទ្ធផលនៃការជាសះស្បើយភ្លាមៗនោះ មិនទាន់មាននៅឡើយទេ តែអ្វីជាការ កត់សម្គាល់គឺអត្រា ចុះស្រង់របាយការណ៍ពីអ្នកកើត ជំងឺមហារីកបាន ទទួលលទ្ធផលជាបណ្តើរៗហើយ ខណៈការចុះស្រង់ស្ថិតិអ្នកជំងឺមហារីក ត្រូវការប្រើពេលវេលាយូរ ។

សាស្ត្រាចារ្យ ឈាង រ៉ា ក៏បានអះអាងថា អ្នកកើតជំងឺមហារីក មិនងាយនឹងព្យាបាល ឆាប់ជាសះស្បើយនោះទេ ប៉ុន្តែបើរកមូលហេតុដំបូងនៃការកើតជំងឺប្រភេទនេះ ការព្យាបាលក៏ ឆាប់ជាសះស្បើយដែរ ៕

To Top