លោក ប៉ែន បូណា ៖ ការតម្កល់តម្លៃសន្តិភាពរបស់កម្ពុជា បានធ្វើឱ្យពិភពលោកនឹកឃើញជាប់ជានិច្ច
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ការតម្កល់តម្លៃសន្តិភាពជាអាទិភាព និងការចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពក្នុងប្រទេស ក្នុងតំបន់ និងក្នុងសាកលលោក បានធ្វើឱ្យពិភពលោក នឹកឃើញដល់កម្ពុជាជានិច្ច នៅពេលដែលគេនិយាយពីសន្តិភាព ។
ការលើកឡើងរបស់លោកប៉ែន បូណានេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ប្រកាសថា កម្ពុជាបានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែមករា លោក ប៉ែន បូណា ថ្លែងថា ការរក្សាតម្កល់តម្លៃសន្តិភាពជាអាទិភាពរបស់កម្ពុជាមានតម្លៃធំធេងធ្វើឱ្យពិភពលោកនឹកឃើញកម្ពុជាគ្រប់ពេលវេលា អាចនិយាយបានថា ទីណាមានសកម្មភាពដើម្បីសន្តិភាព ទីនោះតែងតែមានការគាំទ្រ និងការចូលរួមចំណែកពីកម្ពុជា ។
លោកបញ្ជាក់ថា “គុណតម្លៃសន្តិភាពរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ជាសាកលមិនមែនកើតឡើងដោយចៃដន្យទេ ពោលគឺប្រទេសតូចមួយនេះ បានរកឃើញរូបមន្តបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនទសវត្សរ៍ តាមរយៈរូបមន្តនយោបាយឈ្នះ-ឈ្នះ គ្មានពីររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព ហើយបាននាំមកនូវសន្តិភាពពេញលេញនិងការផ្សះផ្សារបង្រួបបង្រួមជាតិខ្មែរក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ”។
អ្នកនាំពាក្យសង្កត់ធ្ងន់ថា កម្ពុជាបានប្រើប្រាស់កាលានុវត្តភាពនៃសន្តិភាពដ៏កម្រដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យងើបចេញពីគំនរផេះផង់ ពីអន្លង់ឈាមនិងទឹកភ្នែក មកស្គាល់ការរីកចម្រើនក្នុងសម័យទំនើបដូចសព្វថ្ងៃ ដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអ្នកបន្តឈរការពារយ៉ាងប្តូរផ្តាច់នូវសន្តិភាព និងចាត់ទុកជាអាទិភាពចម្បងបំផុតមួយរបស់រាជរដ្ឋាភិបាល ។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ការសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក គឺជាសក្ខីភាពថ្មីមួយទៀតដែលបញ្ជាក់អំពីសុច្ឆន្ទៈមិនចេះរីងស្ងួតរបស់កម្ពុជា ដើម្បីបុព្វហេតុសន្តិភាព៕
