សភាជាន់ទាបបារាំង អនុម័តសេចក្តីព្រាងច្បាប់ ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់កុមារអាយុក្រោម ១៥ឆ្នាំ
ប៉ារីស៖ រដ្ឋសភាជាតិបារាំង បានអនុម័តច្បាប់ ដែលហាមឃាត់កុមារ និងក្មេងជំទង់អាយុក្រោម ១៥ឆ្នាំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយលើកឡើងពីការព្រួយបារម្ភ អំពីផលប៉ះពាល់ របស់វាទៅលើសុខភាពផ្លូវចិត្ត។
សេចក្តីព្រាងច្បាប់នេះ នឹងទៅដល់ព្រឹទ្ធសភា មុនពេលក្លាយជាច្បាប់ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ចលនានេះ គឺជាផ្នែកមួយ នៃនិន្នាការសកលលោកក្នុងការរឹតបន្តឹងការចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារ ដែលជំរុញដោយភស្តុតាង កាន់តែច្រើនឡើងនៃផលប៉ះពាល់ ដែលបង្កគ្រោះថ្នាក់របស់វាទៅលើសុខភាពផ្លូវចិត្ត។ ច្បាប់ស្រដៀងគ្នានេះត្រូវបានអនុម័ត នៅក្នុងប្រទេសអូស្ត្រាលីនៅចុងឆ្នាំមុន។
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានសាទរវាថាជា “ជំហានដ៏សំខាន់” ដើម្បីការពារកុមារ និងក្មេងជំទង់របស់ប្រទេស៕
