ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ ១ឆ្នាំកន្លងទៅ កម្ពុជាបានសម្រេចសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជាបានសម្រេចសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ នៅសាលាខេត្តកំពង់ចាម ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតីពី លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង អ្នកពាក់ព័ន្ធប្រមាណជាង ៧០០ នាក់ ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥ ដែលទើបតែកន្លងផុតទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទោះបីត្រូវឆ្លងកាត់ឧបសគ្គមួយចំនួនក្តី។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានធ្វើការប្ដេជ្ញាចិត្ត ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួនាទី ភារកិច្ច តាមកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ធ្វើឱ្យរដ្ឋបាលខេត្តកំពង់ចាម សម្រេចបានសមិទ្ធផលធំៗជាច្រើននៅរយៈពេលពេញមួយឆ្នាំ២០២៥ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងផងដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពមុតស្រួច វៃឆ្លាត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំយុទ្ធសាស្ត្រកែទម្រង់ប្រកបដោយភាពប្រាកដប្រជា រដ្ឋបាលស្អាតស្អំ និងគិតគូពីសុខមាលភាពសង្គមនាំឱ្យព្រះរាជាណាចក្រកម្ពុជាមានការរីកចំរើន អភិវឌ្ឍជាបន្តបន្ទាប់ទៀតដោយឥតឈប់ឈរ ដោយឡែកខេត្តកំពង់ចាម ក៏មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យឥតឈប់ឈរ ពីមួយឆ្នាំ ទៅមួយឆ្នាំ ជាក់ស្ដែងក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចខេត្តកំពង់ចាម មានកំណើន ៨,៣% ស្មើនឹង ៣.០៧៣លានដុល្លា ក្នុងនោះវិស័យកសិកម្មចំនួន ១,២០០លានដុល្លា វិស័យឧស្សាហកម្មចំនួន១,០២៧លានដុល្លា និងវិស័យសេវាកម្មចំនួន ៨៤៦លានដុល្លា និងមានGDP មនុស្សម្នាក់ៗនឹងកើនដល់ ២,៨៣០ដុល្លាក្នុងមួយឆ្នាំ។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top