ព័ត៌មានជាតិ

នគរបាលខេត្តពោធិ៍សាត់ បញ្ជូនជនបរទេសលួចឆ្លងដែនខុសច្បាប់ ៧៨នាក់ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្ដេញចេញទៅប្រទេសកំណើតវិញ

ពោធិ៍សាត់ ៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជូនជនបរទេសចំនួន ៧៨នាក់ ដែលបានលួចឆ្លងដែនដោយខុសច្បាប់ ប្រគល់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្ដេញចេញទៅប្រទេសកំណើតវិញ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

ដោយអនុវត្តនូវបទបញ្ជាពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៦ កម្លាំងផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជូនជនបរទេសចំនួន ៧៨ នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតវិញ ក្នុងនោះរួមមាន ៖ ជនជាតិចិនចំនួន ៦២នាក់ ជនជាតិមីយ៉ាន់ម៉ា ៩នាក់ និងថៃ ៧នាក់។

ដោយកន្លងមកកម្លាំងចម្រុះ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បាន ល្បាតនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដើម្បីបង្ការបង្ក្រាប និងត្រួតពិនិត្យរាល់ការធ្វើដំណើរដោយមានការសង្ស័យថា ដឹកជនបរទេសដែលឆ្លងដែនដោយខុសច្បាប់ ការជួញដូរមនុស្សដែលមានគោលដៅដឹកពីកន្លែងមួយទៅកន្លែងមួយ និងជនបរទេសដែលប្រព្រឹត្តបទល្មើស Online Scam ។ ជាលទ្ធផលក្នុងរយៈពេលក្រោយមកនេះ បទល្មើសផ្សេងៗក្នុងភូមិសាស្ត្រ នៃខេត្តពោធិ៍សាត់ មានការថយចុះគួរឱ្យគត់សម្គាល់ និងទទួលបានការសាទរពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមការសហការពីប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តពោធិ៍សាត់ ឬឆ្លងកាត់ខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋម្នាក់ ជាសមត្ថកិច្ចម្នាក់ដើម្បីរាយការណ៍ រាល់ពេលដែលប្រទះឃើញបទល្មើសជាក់ស្ដែង ឬសង្ស័យថា ជាជនបរទេសដែលលួចឆ្លងដែនខុសច្បាប់៕

To Top