ភាពចលាចលថ្មីៗនេះមានគោលបំណងអូសទាញអាមេរិក ឱ្យចូលទៅក្នុងសង្គ្រាមមួយផ្សេងទៀតប្រឆាំងនឹងអ៊ីរ៉ង់
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា កុបកម្ម និងភាពចលាចលថ្មីៗនេះនៅក្នុងប្រទេសនេះ មានគោលបំណងអូសទាញសហរដ្ឋអាមេរិកឱ្យចូលទៅក្នុងសង្គ្រាមមួយផ្សេងទៀតប្រឆាំងនឹងអ៊ីរ៉ង់។
លោកបានប្រាប់រដ្ឋមន្ត្រីការបរទេសស្រីលង្កា លោកស្រី Vijitha Herath តាមទូរស័ព្ទថា “ការតវ៉ាដោយសន្តិវិធី” កាលពីដើមខែនេះបានប្រែក្លាយទៅជាសកម្មភាពហិង្សា ដែលមាន “លក្ខណៈរៀបចំ និងភេរវកម្ម” ដែល “មានគោលបំណងអូសទាញសហរដ្ឋអាមេរិកឱ្យចូលទៅក្នុងសង្គ្រាមមួយផ្សេងទៀតប្រឆាំងនឹងអ៊ីរ៉ង់”។
លោក Araghchi បានលេីកឡេីងថា លោកពេញចិត្ត ចំពោះការគាំទ្ររបស់រដ្ឋាភិបាលស្រីលង្កាចំពោះអ៊ីរ៉ង់ លើសេចក្តីសម្រេចប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដែលបានអនុម័តដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយហៅវាថាជាសញ្ញានៃវិធីសាស្រ្ត “ឯករាជ្យ មានតុល្យភាព និងរួសរាយរាក់ទាក់” របស់ស្រីលង្កា ចំពោះអ៊ីរ៉ង់។
លោកស្រី បានលេីកឡេីងថា ស្រីលង្កានឹងនៅតែប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីរ៉ង់ ទោះបីជាមានអន្តរាគមន៍ពីបរទេសក៏ដោយ។
ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទរបស់ពួកគេ អ្នកការទូតកំពូលទាំងពីរក៏បានអំពាវនាវឱ្យមានការជំរុញទំនាក់ទំនងទ្វេភាគី និងបានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈពេលដែលរក្សាការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា
