ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានពន្ធនាគារខេត្តពោធិ៍សាត់
ពោធិ៍សាត់ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោក ញឹក បានខេង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាសហធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តពោធិ៍សាត់នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក្នុងនោះក៏មានការអញ្ជើញចូលរួមដោយ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង អគ្គនាយករង ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានថ្មី នៃពន្ធនាគារខេត្តពោធិ៍សាត់ លោកអគ្គនាយកមានមតិផ្តាំផ្ញើរមួយចំនួនដល់មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ទាំងអស់ ដូចខាងក្រោម៖

- ត្រូវប្រមូលផ្តុំការយកចិត្តទុកដាក់ការគ្រប់គ្រងមន្ត្រី បន្តដឹកនាំ រក្សាឲ្យបាននូវស្ថានភាព ជាវិជ្ជមាន និងរក្សាឲ្យបាននូវប្រព័ន្ធគ្រប់គ្រងប្រកបដោយភាពសុខដុមបនីយកម្ម
- ពង្រឹងរក្សាសាមគ្គីភាពផ្ទៃក្នុង ដោយកម្កល់ប្រយោជន៍របស់អង្គភាពជាធំ លើកកម្ពស់ ក្រមសីលធម៌វិជ្ជាជីវៈ ជាមួយនឹងភាពម្ចាស់ការលើភារកិច្ចដែលខ្លួនទទួលខុសត្រូវ
- បន្តយកចិត្តទុកដាក់បង្កើនការយល់ដឹង ពង្រឹងលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិត បទដ្ឋានគតិយុត្ត ដែលជាមូលដ្ឋានធានាឲ្យការងារដឹកនាំជំនាញប្រកបដោយភាពត្រឹមត្រូវ
- ត្រូវពង្រឹងកិច្ចការពារធានាសន្តិសុខ សុវត្ថិភាព បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ឆែកឆេរ រកវត្ថុសម្ភារៈហាមឃាត់ ជាពិសេស សម្ភារៈបង្កហានិភ័យ គ្រឿងញៀន និងទូរស័ព្ទដៃ ដែលជាមធ្យោបាយទំនាក់ទំនងសកម្មភាពល្មើស (ទាំងនៅក្នុង និងទៅខាងក្រៅពន្ធនាគារ)
- ត្រូវអនុវត្តការងារដឹកនាំ គ្រប់គ្រង ដោយមានរបបប្រជុំ របបរាយការណ៍ទៀងទាត់ ធ្វើការ ត្រួតពិនិត្យ តាមដាន វាយតម្លៃ និងតម្រង់ទិសជាប្រចាំ ដើម្បីធានាដល់ប្រសិទ្ធភាពការងារ ព្រមជាមួយគោលនយោបាយលើកទឹកចិត្ត ជូនរង្វាន់ ដោយឈរលើសច្ចៈភាព និងតម្លាភាព
- បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ ឬបន្ទប់ឃុំឃាំង និងនៅក្នុង បរិវេណពន្ធនាគារ ត្រូវធានាឲ្យមាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ
- ត្រូវស្វ័យសិក្សារៀនសូត្របង្កើនចំណេះដឹង ធ្វើការផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងគោការណ៍ ឬសេចក្តីណែនាំរបស់ អគ្គនាយកដ្ឋាន ដល់មន្ត្រីក្រោមឱវាទ និងចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។


សូមបញ្ជាក់ផងដែរថា ៖ លោកវរអគ្គានុរក្សថ្នាក់លេខ២ សុិន សុផាន់ណូ ត្រូវបានចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មី នៃខេត្តពោធិ៍សាត់ ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អុី សំអុល ដែលត្រូវចូលនិវត្តន៍បន្ទាប់ពីរូបលោកបានបម្រើការងារក្នុងបុព្វហេតុវិស័យពន្ធនាគារអស់រយៈពេលយូរឆ្នាំកន្លងមក៕





ប្រភព÷អគ្គនាយកដ្ឋានពន្ធនាគារ
