វិមានក្រមឡាំងប្រកាសបញ្ជាក់ អំពីជំនួបបន្ទាប់ជាមួយនឹងសហរដ្ឋអាមេរិកនិងអ៊ុយក្រែន
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃពុធថា កិច្ចប្រជុំបន្ទាប់រវាងអ្នកចរចារុស្ស៊ី អាមេរិក និងអ៊ុយក្រែន នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ខែកុម្ភៈ។
ពេលវេលានេះត្រូវបានប្រកាសដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដោយបានបញ្ជាក់បែបនេះកាលពីថ្ងៃពុធព្រមទាំងបានធ្វើការកត់សម្គាល់ជុំទីពីរនៃទំនាក់ទំនងត្រីភាគីក្នុងគោលបំណងស្វែងរកដំណោះស្រាយដែលអាចកើតមានចំពោះជម្លោះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងមូស្គូ លោក Peskov បាននិយាយថា កាលបរិច្ឆេទនៅតែជា ការប៉ាន់ស្មានរដុបនៅឡើយ ប៉ុន្តែបានបន្ថែមថា ការត្រៀមរៀបចំកំពុងដំណើរការសម្រាប់កិច្ចប្រជុំ ដែលត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅ Abu Dhabi ។ កិច្ចពិភាក្សាជុំទីមួយរវាងភាគីទាំងបីបានធ្វើឡើងនៅទីនោះកាលពីសប្តាហ៍មុន និងមានរយៈពេលពីរថ្ងៃ។
លោកPeskov បានពណ៌នាការចាប់ផ្តើមទំនាក់ទំនងផ្ទាល់រវាងទីក្រុងមូស្គូ វ៉ាស៊ីនតោន និងទីក្រុងគៀវ ថាជាការអភិវឌ្ឍន៍ ទៅជាវិជ្ជមាន ដោយនិយាយថា អ្នកជំនាញកំពុងពិភាក្សាអំពី បញ្ហាស្មុគស្មាញទាំងមូលទាក់ទងនឹងដំណោះស្រាយ។ យ៉ាងណាក្តីលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបវារៈនេះទេ៕
ប្រែសម្រួល៖ស៊ុនលី
