លោកសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម
កំពង់ចាម ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែមករាឆ្នាំ២០២៦នេះ នៅសាលាខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងទិសដៅអនុវត្តឆ្នាំ ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ក្នុងឆ្នាំ២០២៥ ខេត្តកំពង់ចាមសម្រេចបានសមិទ្ធផលធំៗជាច្រើន ជាពិសេសការប្រឡងប្រណាំងអង្គភាពផ្តល់សេវាគំរូទូទាំងប្រទេសខេត្តកំពង់ចាមសម្រេចបានជ័យលាភីចំណាត់ថ្នាក់លេខ១ រួមមាន- មន្ទីរបង្អែកខេត្តកំពង់ចាមជាប់ចំណាត់ថ្នាក់លេខ១ – ការិយាល័យប្រជាពលរដ្ឋខេត្តទទួលបានចំណាត់លេខ១-អង្គភាពច្រកចេញចូលតែមួយទទួលបានចំណាត់ថ្នាក់លេខ១ ។

ឆ្លងកាត់នូវកិច្ចពិភាក្សាក្នុងអង្គសន្និបាតរយៈពេលមួយថ្ងៃ កន្លងមកនេះ លើប្រធានបទសំខាន់ៗ ចំនួន៨ ដោយបែងចែកក្រុមពិភាក្សាចំនួន០៨ក្រុមផងដែរ។ យើងបានរកឃើញនូវចំណុចវិជ្ជមានជាច្រើន ដែលជាលទ្ធផលការងាររបស់រដ្ឋបាលខេត្ត បានអនុវត្តក្នុងឆ្នាំ២០២៥កន្លងមក ដែលអាចចាត់ទុកជាបទពិសោធន៏ដ៏ល្អ ក្នុងការដាក់ចេញនូវទិសដៅអនុវត្តបន្តឆ្នាំ២០២៦។

លោកសន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងសមិទ្ធផលលេចធ្លោនានានៅក្នុងខេត្តកំពង់ចាម ៖
ទី១ ៖ គឺរក្សាសន្តិសុខសណ្ដាប់ធ្នាប់ បានល្អប្រសើរ បើទោះបីមានបទល្មើសកើតឡើង គឺសហការបង្ក្រាបបានទាន់ពេលវេលា ។
ទី២ ៖ ការអភិវឌ្ឍន៍គ្រប់វិស័យគួរឱ្យកត់សម្គាល់ក្នុងខេត្ត គឺវិស័យឧស្សាហកម្មបង្កើតរោងចក្រ បង្កើតការងារបានច្រើន , វិស័យកសិកម្ម ពង្រាយមន្ត្រីកសិកម្មតាមឃុំ , វិស័យទេសចរណ៍ បង្កើនរមណីយដ្ឋានទាក់ទាញទេសចរណ៍ពេលមានពិធីបុណ្យ ។ល។
ទី៣ ៖ កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ផ្លូវ ថ្នល់ ស្ពាន សាលារៀន វត្តអារាម ។ល។ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី អំពូលភ្លើង សាធារណៈ ។ល។
ទី៤ ៖ ការគាំពារសង្គមរឹងមាំ ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គឺ លោកអភិបាលខេត្ត ក្រុមការងារចុះដោះស្រាយបញ្ហានានា បានទាន់ពេលវេលា ម្ចាស់ការដោះស្រាយគោលនយោបាយ យោធិនពាក់លី ជនភៀសសឹក ទាំងអស់នេះ ដែលលេចធ្លោយ៉ាងសំខាន់ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ពោលគឺ ចាប់តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រុង-ស្រុក ឃុំ-សង្កាត់ និងភូមិ បានសហការគ្នាយ៉ាងសកម្មក្នុងការសម្រេចបានជោគជ័យ ។





អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
