មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បន្តបង្រ្កាបបទល្មើសធនធានធម្មជាតិ ដកហូតម៉ូតូ និងឈើប្រភេទលេខ១
ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្នាក់ការចុងផ្លាស់ បានសហការជាមួយស្នាក់ការមេម៉ង់ និងមន្ត្រីឧទ្យានុរក្សក្រុមចល័ត នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចុះល្បាតទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច–លំផាត់។

ប្រតិបត្តិការនេះបានអនុវត្តនៅតាមផ្លូវលំចុងផ្លាស់ និយាមកា ៧០១៦៦៨, ១៣៩៣៥៣៧ ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជាលទ្ធផល កម្លាំងជំនាញបានធ្វើការចាប់ឃាត់ និងដកហូតម៉ូតូចំនួន ០៤ គ្រឿង ដែលមានផ្ទុកឈើប្រភេទលេខ១ ចំនួន ២២ សន្លឹក (មិនទាន់បានវាស់វែង)។

វត្ថុតាងទាំងអស់ ត្រូវបានយកមករក្សាទុកនៅស្នាក់ការចុងផ្លាស់ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។ អាជ្ញាធរបានបញ្ជាក់ថា ការចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នឹងបន្តអនុវត្តយ៉ាងតឹងរឹង ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិឲ្យបានគង់វង្ស៕
ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
