ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប​ ព្រមានអំពីការពឹងផ្អែកកាន់តែខ្លាំងឡើងលើឧស្ម័នធម្មជាតិរាវ LNG​ របស់អាមេរិក

ម៉ាឌ្រីដ៖ មន្ត្រីសហភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជុំវិញការពឹងផ្អែកកាន់តែខ្លាំងឡើងរបស់ប្លុកលើការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីសហរដ្ឋអាមេរិក ដែលជានិន្នាការមួយដែលកាន់តែខ្លាំងឡើងបន្ទាប់ពីការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី។

លោកស្រី Teresa Ribera អនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុប​ សម្រាប់ការផ្លាស់ប្តូរដ៏ស្អាតស្អំ យុត្តិធម៌ និងប្រកួតប្រជែង កាលពីថ្ងៃពុធបានព្រមានថា សហភាពអឺរ៉ុប​ កំពុង “បង្កើនយ៉ាងខ្លាំង” ការពឹងផ្អែករបស់ខ្លួនលើឧស្ម័នធម្មជាតិរាវ​ ដែលនាំចូលពីសហរដ្ឋអាមេរិក។

លោកស្រី Ribera បានឧ្យដឹងនៅក្នុងសារវីដេអូមួយដែលបានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលផ្តោតលើអ៊ីដ្រូសែន​ ដែលបានធ្វើឡើងនៅប្រទេសអេស្ប៉ាញថា “យើងកំពុងបង្កើនការពឹងផ្អែករបស់យើងយ៉ាងខ្លាំងលើឧស្ម័នធម្មជាតិរាវដែលនាំចូលពីសហរដ្ឋអាមេរិក”។

ខណៈពេលដែលទទួលស្គាល់ថា​ ការនាំចូលឧស្ម័នធម្មជាតិរាវរបស់សហរដ្ឋអាមេរិក​ កាន់តែខ្ពស់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប៉ះពាល់របស់អឺរ៉ុប​ ចំពោះឧស្ម័នរបស់រុស្ស៊ី លោកស្រី Ribera បានសង្កត់ធ្ងន់ថា ប្លុកនេះគួរតែជៀសវាងការជំនួសការពឹងផ្អែកមួយជាមួយនឹងប្រទេសមួយផ្សេងទៀត។

លោកស្រីបានអំពាវនាវឱ្យមានការពិពិធកម្មកាន់តែច្រើននៃការផ្គត់ផ្គង់ថាមពល និងការប្រើប្រាស់ធនធានក្នុងស្រុកឱ្យកាន់តែប្រសើរឡើង ជាពិសេសថាមពលកកើតឡើងវិញ និងអ៊ីដ្រូសែនកកើតឡើងវិញ។

ថ្មីៗនេះ សហភាពអឺរ៉ុប​ បានសម្រេចចិត្តបញ្ឈប់ការនាំចូលឧស្ម័ន និងឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ីជាបណ្តើរៗ នៅចុងឆ្នាំ២០២៧។ ក្រោមបរិបទនេះ មន្ត្រីសហភាពអឺរ៉ុប​ បានបញ្ជាក់ជាថ្មីអំពីតម្រូវការក្នុងការពន្លឿនការដាក់ឱ្យប្រើប្រាស់ថាមពលកកើតឡើងវិញ និងជំរុញផលិតកម្មក្នុងស្រុក ដើម្បីកាត់បន្ថយភាពងាយរងគ្រោះផ្នែកថាមពលរបស់ប្លុក៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top