លោក ម៉ប់ សារិន ឱ្យយកចិត្តទុកដាក់លើការផ្តល់សេវាសង្គម ទាន់ពេល និងប្រសិទ្ធភាព ចំពោះស្រ្តីមានផ្ទៃពោះ និងកុមារងាយរងគ្រោះ
ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានណែនាំឱ្យ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ចំពោះស្រ្តីមានផ្ទៃពោះ និងកុមារងាយរងគ្រោះ ធ្វើយ៉ាងណាឱ្យទទួលសេវាសង្គមបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព បើទោះបីកន្លងមក ការអនុវត្តបានល្អប្រើសើរយ៉ាងណាក្តី។

ការណែនាំរបស់លោក ម៉ប់ សារិន ខាងលើនេះ ធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ ឆ្លុះបញ្ចាំងលទ្ធផលអនុវត្តការងារឆ្នាំ២០២៥ និងទិសដៅការងារ ឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ ។

លោក ម៉ប់ សារិន បានលើកឡើងថា ឱ្យគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលខណ្ឌ និងសង្កាត់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការផ្តល់ឱកាសសំរាប់កុមារ បានសិក្សារៀនសូត្រ។ ការសិក្សារៀនសូត្ររបស់កុមារ ជារឿងធំនិងសំខាន់បំផុត ដែលត្រូវយកចិត្តទុកដាក់ ចាប់ពីថ្នាក់រាជធានីរហូតដល់សង្កាត់ ព្រោះថាបើពួកគាត់មិនចេះអក្សរ វាជាកង្វល់ដ៏ធំសំរាប់សង្គម។

ក្នុងឱកាសនោះលោកស្រី តិមា វិច្ឆិកាល អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ មានកិច្ចការងារយ៉ាងសំខាន់ ចំពោះកិច្ចការងារស្ត្រី ក្នុងការដោះស្រាយបញ្ហាប្រឈម រៀបចំការអភិវឌ្ឍ វិនិយោគរបស់ខណ្ឌសង្កាត់ គាំទ្រសេវាសង្គម ជួយសម្របសម្រួល ការពារស្ត្រីដោយអំពើហឹង្សា និងការពារកុមារ។

លោកស្រី តិមា វិច្ឆិកាល បានបញ្ជាក់ថា តាមការជំរឿនរបស់ក្រសួងផែនការ កម្ពុជា មានប្រជាពលរដ្ឋចំនួន១៧លាននាក់ ក្នុងនោះមានស្ត្រី៥១% ស្មើនឹងជិត៤លានគ្រួសារ។ ពលរដ្ឋបច្ចុប្បន្ន មានអាយុជាមធ្យមត្រឹម៧៦,៦ឆ្នាំ ក្នុងនោះ បុរសមានអាយុជាមធ្យម ត្រឹម៧៤,៧ឆ្នាំ ស្ត្រីមានអាយុជាមធ្យមត្រឹម៧៨,៤ឆ្នាំ។ សម្រាប់រាជធានីភ្នំពេញ មានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃ ចំនួនជាង២លាននាក់។តែបើគិតពីអ្នកមករកការងារធ្វើ និងជនភៀសសឹកទៀតនោះ នៅរាជធានីភ្នំពេញ មានពលរដ្ឋរស់នៅទាំងអចិន្ត្រែយ៌ និងរស់នៅចល័តប្រមាណ ៤លាននាក់។

ជាមួយគ្នានោះ លោកស្រី តិមា វិច្ឆិកាល នូវបានសំណូមពរឱ្យគ ក ស ក ខណ្ឌទាំង១៤ សូមបន្តចូលរួមជាមួយ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ដើម្បីឱ្យការងារកាន់តែល្អប្រសើរ និងត្រូវផ្តល់ព័ត៌មានពាក់ព័ន្ធ និងការរំលោភបំពានលើស្ត្រី និងកុមារឱ្យបានលឿន មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការច្បាប់ ឱ្យបានទាន់ពេលវេលា៕




ដោយ៖ ដារាត់| ដើមអម្ពិល
