លោក វ៉ី សំណាង ៖ ខេត្តតាកែវ គ្មាន Scams Online និងធានាការពារសុវត្ថិភាពអ្នកវិនិយោគ
តាកែវ ៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានធ្វើការធានាការពារនូវសុខសុវត្ថិភាព ជូនដល់អ្នកវិនិយោគដែលចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ។

ជាពិសេស លោក បានធ្វើការអះអាងថា ខេត្តតាកែវ គឺជាខេត្តមួយដែលគ្មានការឆបោកតាមប្រព័ន្ធអនឡាញ (Scams Online) ឡើយ។

ថ្លែងនៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបទបង្ហាញអំពីបញ្ហាប្រឈម និងសំណូមពររបស់អនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ នាថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នេះ លោក វ៉ី សំណាង បានមានប្រសាសន៍លើកឡើងពីការធានាសុខសុវត្ថិភាពជូនក្រុមអ្នកវិនិយោគ និងបានជំរុញឱ្យអ្នកវិនិយោគកុំមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ហើយត្រូវមានការជឿជាក់លើការទទួលខុសត្រូវរបស់អាជ្ញាធរខេត្ត។

នៅក្នុងឱកាសនោះ លោក អភិបាលខេត្តតាកែវ ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការអូសទាញអ្នកវិនិយោគឱ្យចូលមកបណ្ដាក់ទុននៅក្នុងខេត្តតាកែវ ដើម្បីបង្កើតឱកាសការងារឱ្យកាន់តែច្រើនឡើងជូនបងប្អូនប្រជាពលរដ្ឋ។


ជាលទ្ធផល ក្នុងឆ្នាំ២០២៥ មានក្រុមហ៊ុនវិនិយោគចំនួន ៥២ បានមកបើករោងចក្រនៅក្នុងខេត្តតាកែវ ក្នុងទំហំទុនវិនិយោគជាង ១៧០លានដុល្លារអាមេរិក ដោយបានបង្កើតឱកាសការងារបានចំនួនជិត ៣ម៉ឺនកន្លែង៕
