ព័ត៌មានជាតិ

សម្តេចធិបតី ៖ ចាប់តាំងពីផ្ទុះអាវុធលើកទី១ ទី២ រឿងទឹកដី និងប្រជាជន គឺជាអាទិភាពចម្បង របស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ចាប់តាំងពីផ្ទុះលើកទី១ និងទី២ នៅតំបន់ព្រំដែន កម្ពុជា-ថៃ រឿងទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដោះស្រាយជូនពួកគាត់។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី ពិធីសំណេះសំណាល ជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោក ក្នុងការជួយវីរៈកងទ័ព និងវីរៈនគរបាល ព្រមទាំងជួយជនភៀសសឹក ហើយទាំងនេះ គឺស្មារតីស្នេហាជាតិយ៉ាងធំធេង។

សម្ដេចធិបតី មានប្រសាសន៍ថា «នេះជាស្មារតីស្នេហាជាតិធំណាស់ ដែលជាកម្លាំងជាតិមួយធំ សម្រាប់ជួយគ្នាក្នុងគ្រាលំបាក ដែលខ្ញុំនិយាយថា គ្មានអ្នកណាជួយខ្មែរ ខ្លាំងជាងខ្មែរខ្លួនឯងនោះទេ។ ខ្ញុំ ក៏យល់អំពីការព្រួយបារម្មរបស់ក្រុមគ្រួសារ និងប្រជាជនយើងទូទាំងប្រទេស ពាក់ព័ន្ធជាមួយបញ្ហាព្រំដែន ដែលកន្លងទៅ បាត់បង់ជីវិតប្រជាជនស៊ីវិល កងកម្លាំងប្រដាប់អាវុធ ក៏ដូចជា បំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្ដែង និងសាធារណៈផ្សេងៗ»។

សម្ដេចធិបតី បន្ដថា «សម្រាប់រាជរដ្ឋាភិបាល តាំងពីដើមទី តាំងពីការផ្ទុះអាវុធលើកទីមួយ លើកទីពីរ រឿងទឹកដី និងប្រជាជន គឺជាអាទិភាពចំបង់ផុតរបស់រាជរដ្ឋាភិបាល ។ ពិតណាស់ មានកិច្ចការងារច្រើនដែលត្រូវធ្វើ ហើយស្ថានភាពការវិវត្តន៍ ប្រែប្រួលខ្លះវាមិនបានដូចចិត្តយើងទេ វាបង្កើតការលំបាក់ផ្លូវចិត្ត វាបង្កើតនូវការភ័យខ្លាច»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា សម្រាប់រាជរដ្ឋាភិបាល មិនបោះបង់កាតព្វកិច្ចនេះទេ គឺរាជរដ្ឋាភិបាល ការពារអធិបតេយ្យភាពទឹកដី ក៏ដូចជា អាយុជីវិត និងសុខទុក្ខរបស់ប្រជាជន ពិសេស អ្នករស់នៅព្រំដែន និងជនភៀសសឹក ដែលរាជរដ្ឋាភិបាល ត្រូវធ្វើជាប់ជាប្រចាំ៕

To Top