អ៊ីរ៉ង់ ពិចារណាលាយសារធាតុអ៊ុយរ៉ាញ៉ូម ដែលបានចម្រាញ់រួច ៦០ភាគរយ ប្រសិនបើទណ្ឌកម្មទាំងអស់ ត្រូវបានដកចេញ
តេអេរ៉ង់៖ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់បាន្យដឹង ទីក្រុងតេអេរ៉ង់អាចពិចារណាលាយអ៊ុយរ៉ាញ៉ូម ដែលបានចម្រាញ់រួច ៦០ភាគរយរបស់ខ្លួន ប៉ុន្តែលុះត្រាតែទណ្ឌកម្មអន្តរជាតិទាំងអស់ត្រូវបានដកចេញទាំងស្រុង នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានរដ្ឋ IRNA។
លោក Mohammad Eslami ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបនឹងសំណួរមួយអំពីថាតើសហរដ្ឋអាមេរិក បានស្នើសុំកាត់បន្ថយការចម្រាញ់ ក្នុងអំឡុងពេលកិច្ចពិភាក្សាដោយប្រយោលនៅប្រទេសអូម៉ង់ កាលពីថ្ងៃសុក្រឬអត់។
លោក Eslami បានលេីកឡេីងថា “បញ្ហានេះអាស្រ័យលើថាតើពួកគេនឹង ដកទណ្ឌកម្មទាំងអស់ជាថ្នូរឬអត់”។ លោកបានសង្កត់ធ្ងន់ថា ការផ្ទេរអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់រួចទៅក្រៅប្រទេស មិនដែលជាផែនការរបស់ទីក្រុងតេអេរ៉ង់នោះទេ ដោយកត់សម្គាល់ថា សំណើបែបនេះត្រូវបានធ្វើឡើងដោយភាគីផ្សេងទៀតដែលស្វែងរកការជួយដោះស្រាយជម្លោះ។ ប្រទេសដូចជារុស្ស៊ី និងតួកគី បានស្នើឱ្យរក្សាទុកអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់រួចខ្ពស់របស់អ៊ីរ៉ង់ ប៉ុន្តែទីក្រុងតេអេរ៉ង់បានបដិសេធការផ្តល់ជូននេះ ។
លោកក៏បានអំពាវនាវ ដល់ទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) ឲ្យថ្កោលទោសការវាយប្រហារកាលពីខែមិថុនា លើរោងចក្រនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ។ លោកបានបន្ដថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដំណើរការយ៉ាងពេញលេញនៅក្នុងច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងការពារជាតិ ។
កិច្ចចរចានៅប្រទេសអូម៉ង់ ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់លោល Seyed Abbas Araghchi និងបេសកជនពិសេស របស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff ខណៈពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួល ឈូក បូរ៉ា
