សហរដ្ឋអាមេរិក មានគម្រោងជំរុញ ផ្នែកសន្តិសុខ និងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយជប៉ុន បន្ទាប់ពីគណបក្ស LDP ឈ្នះឆ្នោត យ៉ាងភ្លូកទឹកភ្លូកដី
បរទេស៖ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរីកំពុងកាន់អំណាច របស់ជប៉ុន ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសភាតំណាងរាស្ត្រ កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិកមានគម្រោងបង្កើន កិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តអាស៊ីនេះ ក្នុងបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច។
យោងតាមសារព័ត៌មាន Japan Times ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដែលក៏ជាប្រធានគណបក្ស LDP ផងដែរ ដើម្បីពង្រឹងសម្ព័ន្ធភាពរបស់ប្រទេស របស់ពួកគេនៅក្នុងកិច្ចប្រជុំកំពូល របស់ពួកគេដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៩ ខែមីនាខាងមុខ នៅទីក្រុងវ៉ាស៊ីនតោន ។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានប្រញាប់ប្រញាល់រាយការណ៍ពីលទ្ធផល នៃការបោះឆ្នោតសម្រាប់សភាជាន់ទាបដ៏សំខាន់បំផុតរបស់សភាជប៉ុន។
កាសែត The Washington Post បានរាយការណ៍ថា “ការបោះឆ្នោតនេះត្រូវបានជំរុញដោយភាពរីករាយអំពី លោកស្រី Sanae Takaichi ដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូង របស់ជប៉ុន ហើយជ័យជម្នះភាគច្រើនលើសលប់ ពីរភាគបីរបស់គណបក្សរបស់លោកស្រីហាក់ ដូចជាបញ្ជាក់ពីចំណង់ ចំណូលចិត្តយ៉ាងខ្លាំងចំពោះវិធីសាស្រ្ត ‘ Japan First’ របស់លោកស្រី”៕
ប្រែសម្រួលៈ ណៃ តុលា
