ប្រធានរដ្ឋសភា ៖ មហាសាគ្គីជាតិខ្មែរ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ជាសក្តានុពលសំខាន់បំផុត នៅក្នុងកិច្ចការពារ បូរណភាពទឹកដី
ភ្នំពេញ ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍លើកឡើង ពីសារៈសំខាន់នៃកម្លំាង សាមគ្គីមហាគ្រួសារខ្មែរ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថា ជាសក្តានុពលសំខាន់បំផុតនៅក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី។

សម្តេច បានថ្លែងអំណរគុណ ជូនពលរដ្ឋខ្មែរទាំងអស់ ទំាងក្នុងប្រទេសនិងក្រៅប្រទេស ដែលបានរួមជាធ្លុងមួយឈរ ការពារនិងគាំទ្ររាជរដ្ឋាភិបាល និងវីរយុទ្ធជនយើង នៅក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី តំាងពីដើមរហូតមក។
សម្តេច ប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាស សម្តេច អញ្ជើញទទួលអំណោយសប្បុរសធម៌ ជាថវិកា និងសម្ភារមួយចំនួនពីលោកស្រី ឈាង គឹមស្រ៊ុន ទីប្រឹក្សាសម្តេច ប្រធានរដ្ឋសភា និងលោកស្រី នាង សុវណ្ណារី ទីប្រឹក្សា លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រាប់ចែកជូនដល់វីរៈកងទ័ព និងជនភៀសសឹករបស់យើង។

សម្តេច រដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសទំាងអស់នោះ បានបង្ហាញពីការជឿជាក់ របស់ប្រជាពលរដ្ឋ មកលើប្រមុខដឹកនាំជាន់ខ្ពស់របស់យើង គឺសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានព្រឹទ្ធសភា និងជាអគ្គភ័ស្ដុភារ និងព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងកិច្ចការពារអធិបតេយ្យជាតិ ពីការឈ្លានពានរបស់ប្រទេសជិតខាង។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ដូចប្រជាពលរដ្ឋជាទូទៅ បានជ្រាបច្បាស់ហើយ ពីគោលការណ៍អាទិភាព សំខាន់បំផុតរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត គឺអធិបតេយ្យ បូរណភាពទឹកដី និងអាយុជីវិតប្រជាពលរដ្ឋ។ កិច្ចការពារបូរណភាទឹកដីត្រូវបានការពារដោយច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។
កម្ពុជាប្រកាន់ខ្ជាប់នូវការ ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀង ដែលមានស្រាប់ដែលកម្ពុជា និងថៃ បានចុះហត្ថលេខាជាមួយគ្នា ជាពិសេសការចុះវាស់វែង តាមយន្ដការគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីកំណត់ភាពត្រឹមត្រូវ និងយុត្តិធម៌របស់ប្រទេសទាំងពីរក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរៀងៗខ្លួន៕
