ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ១,២៤០នាក់ទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ១.២៤០នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកជាង ៦សែន៤ម៉ឺននាក់ មានជាង ៥សែន៦ម៉ឺននាក់ ឬជាង ៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង ៦ព្រឹក ថ្ងៃទី១០ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាងពុំបានផ្ទុះ អាវុធដាក់គ្នានោះឡើយ។ ក៏ប៉ុន្តែ កម្ពុជាបានតាមដាន និងកត់ត្រាទុកនូវសកម្មភាពមិនស្មោះត្រង់ជាបន្តបន្ទាប់របស់ ភាគីថៃ។
ក្រសួងមហាផ្ទៃ បានកំពុងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ខិតខំដោះស្រាយកិច្ចការអាទិភាពដើម្បី ជួយដល់ប្រជាពលរដ្ឋ ព្រមទាំងស្តារឡើងវិញរាល់ការខូចខាត លើតំបន់ស៊ីវិល។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក១.២៤០នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៦ម៉ឺននាក់ ឬជាង ៨៧% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៨២.៣០៦នាក់ទៀត (ស្ត្រី៤៣.២៨៣នាក់ និង កុមារ២៧.៦៦៧នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ»៕
