វីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម សហការរៀបចំយុទ្ធនាការបរិច្ចាគឈាម នាទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ
ភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានសហការរៀបចំយុទ្ធនាការ ផ្ដល់ឈាមក្នុងទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់” ក្រោមវត្តមានលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ម៉រគ្រុប (វីតាល់) លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ភ្ញៀវកិត្តិយស អ្នកផលិតមាតិកា ដៃគូសារព័ត៌មាន សិស្សានុសិស្ស និងសប្បុរសជនអ្នកបរិច្ចាគឈាម ជាច្រើនរយនាក់ ។ យុទ្ធនាការបរិច្ចាគឈាមនា ថ្ងៃ នេះ បានរៀបចំឡើង ក្នុងគោលបំណង ក្នុងការជួបជុំអ្នកស្ម័គ្រចិត្តពីគ្រប់ទិសទី និងគ្រប់ស្រទាប់វណ្ណៈ រួមគ្នាផ្តល់អំណោយឈាម ដោយផ្សាភ្ជាប់អត្ថន័យ នៃការចែករំលែកសេចក្តីស្រឡាញ់ និង អំពើល្អ ជូនចំពោះខ្លួនឯង និងមនុស្សជុំវិញខ្លួន តាមរយៈការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដែលចេញពីបេះដូង ពោរពេញដោយមនោសញ្ចេតនា និងសាមគ្គីភាព ។

លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានបង្ហាញការចាប់អារម្មណ៍ និងកោតសសើរថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធីនេះ យ៉ាងទៀតទាត់ និង រៀងរាល់ឆ្នាំ ដើម្បីជាលទ្ធភាព និងឱកាស នៃការជួបជុំអ្នកស្ម័គ្រចិត្ត ក្នុងការផ្តល់អំណោយឈាម និងអត្ថន័យ នៃការចែករំលែកសេចក្តីស្រឡាញ់ ជូនខ្លួនឯង ជូនមនុស្សជាទីស្រឡាញ់ និងមនុស្សជុំវិញខ្លួន ។ ព្រឹកនេះ ជាព្រឹត្តិការណ៍ដើមឆ្នាំ២០២៦ ក៏ដូចជាព្រឹត្តិការណ៍ ទៀតទាត់មួយ ដែលវីតាល់ បានចូលរួមសហការជាមួយ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ផ្តួចផ្តើមរៀបចំក្នុងទិវានៃក្ដីស្រឡាញ់ ដើម្បីផ្តល់ឱកាសឱ្យសប្បុរសជនស្ម័គ្រចិត្តបរិច្ចាគ ឈាមទៅកាន់មនុស្សជាទីស្រលាញ់ និងមនុស្សជុំវិញខ្លួន ។

លោកស្រីបន្តទៀតថា ក្ដីស្រឡាញ់ អាចផ្តល់ជូនតាមរយៈសកម្មភាពផ្សេងៗ ដែលការផ្តល់ឈាមដោយស្ម័គ្រចិត្ត គឺជាក្ដីស្រឡាញ់មួយ របស់សប្បុរសជន ពោលគឺការលះបង់មួយ ចេញផ្ទាល់ពីក្រអៅបេះដូងនិងរាងកាយ ព្រោះបច្ចុប្បន្នកាល ឈាមពុំអាចផលិត ដោយរោងចក្របានឡើយ ។ ដំណក់ឈាមតែមួយរបស់យើងថ្ងៃនេះ អាចក្លាយជាតំណក់ជីវិតសម្រាប់មនុស្សដែលកំពុងរងគ្រោះ ឬសម្រាប់ត្រៀមពេលអនាគត ។

លោកស្រី សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ និងផ្តល់ការអនុញ្ញាតដល់វិស័យឯកជន ចូលរួមចំណែកក្នុងកិច្ចការសុខមាលភាពរបស់ប្រជាជន និងចូលរួមលើកកម្ពស់វិស័យសុខាភិបាល ។ ជាពិសេស មជ្ឈមណ្ឌលជាតិផ្តល់ឈាមផ្ទាល់ តែងតែផ្តល់ការអនុញ្ញាតដល់វីតាល់ឱ្យចូលរួមសហការរៀបចំយុទ្ធនាការផ្តល់ឈាមអស់រយៈពេល ១៥ឆ្នាំ កន្លងមកនេះ ។
វីតាល់ប្តេជ្ញានឹងបន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់សកម្មភាពការងារ របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងដំណើរការប្រមូលឈាម រួមទាំងយុទ្ធនាការ នៃការចុះប្រមូលផ្តល់អំណោយឈាម ដែលឈានទៅដល់ការពង្រីកវិសាលភាពប្រមូលឈាមបន្ថែម នៅតាមបណ្ដាខេត្តនានាផងដែរ ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា នេះជាឆ្នាំទី១០ ដែលយុទ្ធនាការ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់” បានផ្ដួចផ្ដើមឡើងដោយមានការចួលរួមពីដៃគូសហការពីវិស័យឯកជន តួយ៉ាងមានការចូលរួមចំណែកពីវីតាល់ជាហូរហែរ ។ យុទ្ធនាការបរិច្ចាគឈាម ក្នុងទិវានៃក្តីស្រឡាញ់ថ្ងៃនេះ ជាវេទិកាដ៏មានសារសំខាន់ ក្នុងការចូលរួមចំណែកបំផុសគំនិត និងកៀរគងសាធារណជន មកផ្ដល់ជាការស្រឡាញ់ តាមរយៈសកម្មភាពផ្ដល់ឈាមដោយស្ម័គ្រចិត្ត ដល់ជនរងគ្រោះដែលមានតម្រូវការឈាមជាប្រចាំ ។

លោកបានបន្តថា កាលពីឆ្នាំ២០២៥ កន្លងទៅនេះ យើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៣នាទីម្តង ។ តម្រូវការឈាមប្រចាំថ្ងៃ ជាមធ្យម ៣៥០ប្លោកនៅរាជធានីភ្នំពេញ ។ តម្រូវការទូទាំងប្រទេស មានប្រមាណជិត២១២,៤២៨ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគ្របដណ្តប់ជាង៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស ។ ការទទួលអំណោយឈាមតាមរយៈសប្បុរសជន ដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ៣៣.២% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ជាលទ្ធផលមួយមិនទាន់បានល្អប្រសើរនៅឡើយ ។

លោកបន្ត សូមអំពាវនាវដល់បងប្អូន ដែលមិនទាន់បានសាកល្បង ឬនៅមានភាពរារែក ក្នុងការបរិច្ចាគឈាម សូមធ្វើការបរិច្ចាគឈាមថ្ងៃនេះ! ព្រោះការបរិច្ចាគឈាម មិនធ្វើឱ្យយើងចុះខ្សោយនោះទេ តែវាធ្វើឱ្យយើងកាន់តែរឹងមាំ និងមានក្តីសុខផ្លូវចិត្តយ៉ាងក្រៃលែង ។
ឆ្លៀតក្នុងឱកាសនេះ លោកក៏បានថ្លែងអំណរគុណដល់ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ៉ន ម៉រ គ្រុប (វីតាល់) ដែលជានិច្ចកាល បានបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយចក្ខុវិស័យវែងឆ្ងាយ ក្នុងការបំផុសស្មារតីសាធារណជន ឱ្យចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការផ្តល់ឈាមរាល់គ្រប់សកម្មភាពរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ។

គួរបញ្ជាក់ផងដែរថា នេះជាកិច្ចសហការរៀបចំ និងឧបត្ថម្ភគាំទ្រពីសំណាក់ វីតាល់ ដែល សបញ្ជាក់ យ៉ាង ច្បាស់ អំពី ការ ចូល រួម យ៉ាង សកម្ម ក្នុង សកម្មភាព ទំនួល ខុស ត្រូវ សង្គមជាមួយនឹង ការយក ចិត្ត ទុកដាក់ ការស្រឡាញ់ និងចូលរួម ដើម្បី ជា ប្រយោជន៍ ដល់ សហគមន៍ និង សង្គមជាតិ។ ក្រោមមូលនិធិ ២៥៛ វីតាល់តែងតែបន្តចូលរួម ឧបត្ថម្ភគាំទ្រទៅដល់កិច្ចការសង្គម និងមនុស្សធម៌តួយ៉ាងកិច្ចសហប្រតិបត្តិការ យ៉ាងសកម្មនាថ្ងៃនេះ ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ។ ការចូលរួមចំណែកទាំងនេះ ក៏កើតចេញពីការគាំទ្រ ឥតឈប់ឈររបស់អតិថិជនវីតាល់ទាំងអស់ ក្នុងការជាវទឹកពិសាវីតាល់មួយដប បានចូលរួមបរិច្ចាគ ២៥៛ទៅកាន់មូលនិធិមួយ ។ «វីតាល់មោទនភាព ផលិតផលជាតិ»






















