ព័ត៌មានជាតិ

បណ្ដេញចេញជនបរទេស ៣៧២នាក់ទៀត ចេញ ពី កម្ពុជាករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើ ការងារ ខុស ច្បាប់

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការបណ្ដេញចេញជនបរទេសចំនួន ៣៧២នាក់ ចេញ ពី កម្ពុជា ពាក់ ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើ ការងារ ខុស ច្បាប់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម អនុសាសន៍ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ថ្នាក់ ដឹកនាំ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក អន្តោ ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង អនុវត្ត នីតិវិធី បន្តធ្វើ ការ បណ្តេញ ជន បរទេស សរុបចំនួន ៣៧២នាក់ (ស្រី ៥៤នាក់) មាន ១៨សញ្ជាតិ រួមមាន ចិន ម៉ាឡេស៊ី ឥណ្ឌា ស្រីលង្កា បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កេនយ៉ា នីហ្សេរីយ៉ា អេហ្ស៊ីប អេតូ្យពី ហ្គាណា យ៉ូហ្គង់ដា ហ្វីលីពីន ប្រេស៊ីល ន័រវែស អាហ្វ្រិកខាងត្បួង និងចិនតៃវ៉ាន់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ជនបរទេសទាំងអស់នេះពាក់ ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើ ការងារ ខុស ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា ការបណ្ដេញចេញ ជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្ត តាមវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹង ប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្ម តាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែង នោះឡើយចំពោះមេខ្លោង ដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោង បោកបញ្ឆោតឱ្យមកធ្វើការ ក្នុងសកម្មភាពឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ ទៅប្រទេសរបស់ខ្លួនវិញ៕

To Top