ព័ត៌មានជាតិ

ក្រសួងការងារ ៖ នៅទូទាំងប្រទេសមានឱកាសការងារជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរក ការងារធ្វើ

ភ្នំពេញ៖ នៅទូទាំងប្រទេសមានឱកាសការងារជាង ៨ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានឱកាសការងារសរុបចំនួន ៨៣,៧៤៣កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតបណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែងរកការងារទាំងអស់ ជាពិសេសបងប្អូនអតីតពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារជូនផងដែរ។ នេះបើតាមក្រសួងការងារដដែល។

គួរឱ្យដឹងដែរថា គិតមកដល់ពេលនេះ មានបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃជាង ៣២ម៉ឺននាក់ហើយ បានទទួលការងារធ្វើតាមរយៈយន្ដការរបស់ក្រសួង ហើយមានបងប្អូនអតីតពលកររាប់ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមកសិដ្ឋាន ការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន និងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

To Top