ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ៦៨.២៨០នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅមានពលរដ្ឋភៀសសឹកចំនួន៦៨.២៨០នាក់ទៀត (ស្ត្រី ៣៥.៩១៦នាក់ និងកុមារ ២៤.៥៨៩នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិល គិតពីម៉ោង៦ព្រឹក ថ្ងៃទី២០ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីទាំងសងខាង ពុំបានផ្ទុះអាវុធដាក់គ្នានោះឡើយ ។ ក៏ប៉ុន្តែ កម្ពុជា បានតាមដាន និងកត់ត្រាទុកនូវសកម្មភាព មិនស្មោះត្រង់ ជាបន្តបន្ទាប់របស់ភាគីថៃ ។

ក្រសួង បន្ដថា ជាក់ស្តែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ពីសហរដ្ឋអាម៉េរិក អំពីសកម្មភាព មិនស្មោះត្រង់របស់យោធា ថៃ ជាពិសេសការដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លាកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ជាច្រើនកន្លែង ហួសពី ខ្សែបន្ទាត់ព្រំដែន ដែលថៃខ្លួនឯង ធ្លាប់ទទួលស្គាល់ជាយូរមកហើយថា ជាអធិបតេយ្យភាពរបស់កម្ពុជា។

ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក១.២៨៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៨ម៉ឺននាក់ ឬជាង ៨៩% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៦៨.២៨០នាក់ទៀត (ស្ត្រី៣៥.៩១៦នាក់ និងកុមារ ២៤.៥៨៩នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ» ។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានគាំទ្រពេញទំហឹង លើការតវ៉ាដាច់អហង្ការរបស់រាជរដ្ឋាភិបាលចំពោះ សកម្មភាពមិនស្មោះត្រង់ ជាបន្តបន្ទាប់របស់ភាគីថៃ និងប្រកាសគាំទ្រ សម្តេចធិបតី បានគូសបញ្ជាក់ជាថ្មីទៀត នូវគោលជំហប្រកាន់ខ្ជាប់ការដោះស្រាយជម្លោះដោយសន្តិវិធី ពោលគឺកម្ពុជាជឿច្បាស់ថា ការប្រើប្រាស់សង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម មិនមែនជាដំណោះស្រាយមានប្រសិទ្ធភាព ឬចីរភាពឡើយ៕

To Top