ព័ត៌មានអន្តរជាតិ

​ភាពមិនប្រាកដប្រជានៅតែមាន​ ទោះបីជាមានការសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិកលើពន្ធគយក៏ដោយ

ប៊ែរឡាំង៖ ក្រុមអាជីវកម្មអាល្លឺម៉ង់ធំៗជាច្រើន​ បានស្វាគមន៍ការសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិកប្រឆាំងនឹងគោលនយោបាយពន្ធគយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប៉ុន្តែបានព្រមានថា​ ភាពមិនប្រាកដប្រជាសម្រាប់ក្រុមហ៊ុននៅតែបន្ត។

លោក Volker Treier ប្រធានពាណិជ្ជកម្មបរទេសនៅសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាល្លឺម៉ង់ បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “សូម្បីតែបន្ទាប់ពីសេចក្តីសម្រេចនៅថ្ងៃនេះក៏ដោយ ទោះបីជាវាអាចកាន់តែពិបាក​ សម្រាប់សហរដ្ឋអាមេរិកក្នុងការដាក់ចេញនូវពន្ធគយថ្មីតាមឆន្ទៈក៏ដោយ ក៏ភាពមិនប្រាកដប្រជាសម្រាប់ក្រុមហ៊ុនអាល្លឺម៉ង់​ ដែលកំពុងប្រតិបត្តិការនៅក្នុងទីផ្សារសហរដ្ឋអាមេរិកនៅតែខ្ពស់”។

លោកបានជំរុញឱ្យសហភាពអឺរ៉ុបត្រៀមខ្លួនសម្រាប់ពន្ធគយថ្មីដែលអាចកើតមានពីរដ្ឋបាលលោក​ ត្រាំ​ ធានានូវក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្ម​ ដែលមានស្ថេរភាព និងអាចទុកចិត្តបាន បង្កើនល្បឿនការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងគាំទ្រក្រុមហ៊ុនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ ដែលបើកទីផ្សារដែលអាចទុកចិត្តបានជាមួយដៃគូផ្សេងទៀត។

សេចក្តីសម្រេចនេះផ្ញើសញ្ញាដ៏រឹងមាំមួយដើម្បីគាំទ្រដល់បទបញ្ជាពាណិជ្ជកម្មដែលមានមូលដ្ឋានលើច្បាប់ និងប្រឆាំងនឹងវិធានការឯកតោភាគី។ ទោះជាយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជាជាប់លាប់នឹងបន្តដាក់បន្ទុកលើក្រុមហ៊ុនពហុជាតិសាសន៍ ដែលធ្វើឱ្យការសម្រេចចិត្តលើការវិនិយោគ និងខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែពិបាក នេះបើយោងតាមសហព័ន្ធឧស្សាហកម្មអាល្លឺម៉ង់។

សហព័ន្ធវិស្វកម្មអាល្លឺម៉ង់ (VDMA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ផលប៉ះពាល់ជាក់ស្តែងនៃសេចក្តីសម្រេចនេះមិនទាន់អាចមើលឃើញទុកជាមុននៅឡើយទេ ដែលបន្ថែមទៅលើភាពមិនប្រាកដប្រជាជាបន្តបន្ទាប់ដែលក្រុមហ៊ុនរបស់យើងកំពុងប្រឈមមុខ”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top