កងទ័ពអាមេរិក រាប់រយនាក់ ត្រូវបានជម្លៀសចេញ ពីមូលដ្ឋានទ័ពនៅកាតា និងបារ៉ែន
វ៉ាស៊ីនតោន៖ កងទ័ពអាមេរិករាប់រយនាក់ ត្រូវបានជម្លៀសចេញពីមូលដ្ឋានទ័ពអាមេរិកនៅកាតា និងបារ៉ែន ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការវាយប្រហារយោធា របស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ នេះបើយោងតាមរបាយការណ៍របស់ The New York Times។
របាយការណ៍នេះបានឧ្យដឹងថា មានការជម្លៀសនៅមូលដ្ឋាន Al Udeid ក្នុងប្រទេសកាតា និងចង្កោមមូលដ្ឋានទ័ពអាមេរិកនៅបារ៉ែន ដែលជាទីតាំងរបស់កងនាវាទីប្រាំ របស់កងទ័ពជើងទឹកអាមេរិក។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងកាលពីថ្ងៃសុក្រថា លោកកំពុងពិចារណាលើការវាយប្រហារយោធាមានកំណត់លើអ៊ីរ៉ង់ ដើម្បីដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ ឱ្យទទួលយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
នៅថ្ងៃសុក្រម្សិលមិញនេះផងដែរ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា សេចក្តីព្រាងកិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលអាចធ្វើទៅបានរបស់ទីក្រុង តេអេរ៉ង់ ជាមួយសហរដ្ឋអាមេរិកនឹងរួចរាល់ក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខ ហើយបន្ទាប់ពីនោះ ភាគីទាំងពីរ «អាចត្រូវការការពិភាក្សាមួយជុំទៀត មុនពេលចាប់ផ្តើមការងារឆ្ពោះទៅរកការសន្និដ្ឋានដ៏ល្អមួយ ដោយសង្ឃឹមថានឹងទទួលបាន»។
នៅក្នុងបទសម្ភាសន៍ជាមួយ MSNBC លោក Araghchi បានលេីកឡេីងថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចទាំង សម្រាប់សង្គ្រាម និងសន្តិភាព។
នៅថ្ងៃព្រហស្បតិ៍ លោក ត្រាំ បាននិយាយថា អ៊ីរ៉ង់មានរយៈពេល ១០ទៅ ១៥ថ្ងៃដើម្បីឈានដល់កិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បើមិនដូច្នោះទេ «រឿងអាក្រក់» នឹងកើតឡើង៕
ប្រែសម្រួល ឈូក បូរ៉ា
