ក្រសួងផែនការ ដាក់គោលដៅពង្រឹង វិទ្យាស្ថានជាតិស្ថិតិ ឱ្យក្លាយជាស្ថាប័នមួយ កាន់តែមានសមត្ថភាព ទទួលខុសត្រូវ លើការងារស្ថិតិ របស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ ក្រសួងផែនការ បានដាក់ចេញ នូវទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២៦ ដោយនឹងបន្តពង្រឹង វិទ្យាស្ថានជាតិស្ថិតិ ដើម្បីឱ្យក្លាយជាស្ថាប័នមួយ កាន់តែមានសមត្ថភាព ទទួលខុសត្រូវ លើការងារស្ថិតិរបស់រាជរដ្ឋាភិបាល ។

សន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងផែនការ បានដំណើរការ អស់រយៈពេល១ថ្ងៃកន្លះ ប្រកបដោយជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ថ្លែងក្នុងឱកាសពិធីបិទសន្និបាត លោករដ្ឋមន្ត្រី ប៊ិន ត្រឈៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងផែនការ ដែលបានរួមចំណែកដឹកនាំ គ្រប់គ្រង និងអនុវត្តការងារក្នុងវិស័យផែនការ ស្ថិតិ និងប្រជាជននិងអភិវឌ្ឍន៍ រហូតទទួលបាននូវសមិទ្ធផលធំធេងជាច្រើន ដូចបានរៀបរាប់។

លោករដ្ឋមន្ត្រីមានជំនឿចិត្តថា ដំណើរការអង្គសន្និបាតរយៈពេល១ថ្ងៃកន្លះមកនេះ បានទទួលធាតុចូលយ៉ាង សំខាន់ពីបទបង្ហាញ កិច្ចពិភាក្សា និងការផ្លាស់ប្តូរយោបល់តាមជំនាញ បទពិសោធ និងឧត្តមានុវត្តន៍របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងផែនការ ព្រមទាំងភាគីពាក់ព័ន្ធនានា សម្រាប់វឌ្ឍនភាពបន្ថែមទៀត នៃការងារផែនការ ស្ថិតិ និងប្រជាជននិងអភិវឌ្ឍន៍ សំដៅបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់ក្រសួង ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានកំណត់យ៉ាងច្បាស់ នូវគោលដៅយុទ្ធសាស្ត្រចំនួន៥ ដើម្បីធានាកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ បង្កើតការងារ កាត់បន្ថយភាពក្រីក្រ ពង្រឹងអភិបាលកិច្ច និងធានាការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទំាងអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីអនុវត្តយុទ្ធសាស្ត្រនេះ ឱ្យសម្រេចបានជោគជ័យ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព ឆ្ពោះទៅសម្រេចគោលដៅការចាកចេញ ដោយរលូនពីចំណាត់ថ្នាក់ ប្រទេសអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ និងសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ជាមួយគ្នានេះ អង្គសន្និបាតទាំងមូល បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលថ្មីៗដែល ក្រសួងផែនការសម្រេចបាន ក្រោមការដឹកនាំរបសលោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ស្របតាម ការចង្អុលបង្ហាញ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយអង្គសន្និបាត បានដាក់ចេញនូវទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២៦ ដូចខាងក្រោម៖
- បន្តបំពេញតួនាទីស្ថាប័នស្នូល ក្នុងការដឹកនាំ រៀបចំ និងសម្របសម្រួលផែនការអភិវឌ្ឍន៍ជាតិ ស្របតាមគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកសំខាន់ក្នុងការ លើកកម្ពស់កំណើនសេដ្ឋកិច្ច និងសុខមាលភាពប្រជាជន ។

-បន្តពង្រឹងប្រព័ន្ធស្ថិតិជាតិ កែលម្អប្រព័ន្ធគ្រប់គ្រង និងវិភាគទិន្នន័យ បង្កើនភាពស៊ីសង្វាក់ក្នុង ការចងក្រង និងសម្របសម្រួលផែនការ ព្រមទាំងលើកកម្ពស់ សមត្ថភាពធនធានមនុស្ស ឱ្យឆ្លើយតបទៅនឹង តម្រូវការអភិវឌ្ឍន៍ ក្នុងបរិបទថ្មីៗ ជាពិសេសបន្តពង្រឹងវិទ្យាស្ថានជាតិស្ថិតិ ដើម្បីឱ្យក្លាយជាស្ថាប័នមួយ កាន់តែមានសមត្ថភាពទទួលខុសត្រូវ លើការងារស្ថិតិរបស់រាជរដ្ឋាភិបាល ។

-បន្តពន្លឿនការអនុវត្តកម្មវិធីសកម្មភាព នៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងអភិវឌ្ឍន៍ និង គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងការឈានទៅសម្រេចបានគោលដៅ អភិវឌ្ឍប្រកបដោយ ចីរភាពនៅឆ្នាំ២០៣០។
-បន្តពង្រឹង និងពង្រីកភាពជាដៃគូ ក្នុងការធ្វើសមាហរណកម្មក្របខណ្ឌគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពសកល (SDG) ទៅក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រួមទាំងរបាយការណ៍ ត្រួតពិនិត្យនិងវាយតម្លៃ ការវិភាគភាពក្រីក្រ កម្មវិធីគាំពារសង្គម និងយុទ្ធសាស្ត្រអភិវឌ្ឍន៍នានាប្រកបដោយ បរិយាបន្ន។

-បន្តដឹកនាំរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន (Smooth Transition Strategy) ដើម្បី ធានាភាពរលូន ភាពធន់ និងចីរភាព នៃដំណើរចាកចេញរបស់កម្ពុជា ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចនៅ ឆ្នាំ២០២៩។
-បន្តលើកកម្ពស់អភិបាលកិច្ច និង អភិវឌ្ឍក្រសួងផែនការ ព្រមទាំងចូលរួមអនុវត្តយ៉ាង ពេញលេញប្រកប ដោយការទទួលខុសត្រូវខ្ពស់លើកម្មវិធីកំណែទម្រង់ស៊ីជម្រៅនានារបស់រាជរដ្ឋាភិបាល ព្រមទាំង ការធ្វើទំនើបកម្មស្ថាប័ន និងពង្រឹងសមត្ថភាពមន្ត្រីរាជ ការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

-បន្តលើកកម្ពស់កិច្ចសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូ អភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងបង្កើនភាពស៊ីសង្វាក់រវាងផែនការជាតិ និងផែនការថ្នាក់ក្រោមជាតិ ដើម្បីធានាការអនុវត្តឆាប់រហ័ស និងមានប្រសិទ្ធភាព៕
