សិស្សានុសិស្ស មកពីគ្រួសារវីរកងទ័ព និងកុមារកំព្រា ៣២០នាក់ ទទួលអំណោយសប្បុរសធម៌ របស់លោក ហេង សួរ ដើម្បីលើកទឹកចិត្ត ដល់ការសិក្សា
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សោម ចំណាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកសម្ភារៈសិក្សា និងកម្មវិធីអប់រំ តាមបែបព្រះពុទ្ធសាសនា ជូនដល់សិស្សានុសិស្ស មកពីគ្រួសារក្រីក្រ និងគ្រួសារវីរកងទ័ពចំនួន ៣២០នាក់។

ពិធីនេះត្រូវបានរៀបចំឡើង នៅក្នុងបរិវេណសាលាបឋមសិក្សាជម្ពូវ័ន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសសំណេះសំណាលនោះ លោក សោម ចំណាន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោករដ្ឋមន្ត្រី ហេង សួរ និងបានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំក្រេបជញ្ជក់ចំណេះវិជ្ជា ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីដ៏ល្អ សម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិនាពេលអនាគត ។ លោកបានបញ្ជាក់ថា ការចែកអំណោយនាពេលនេះ គឺ ជាស្មារតី នៃការចែករំលែក និងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជួយសម្រាលបន្ទុក ជីវភាពដល់គ្រួសារ សិស្សានុសិស្សដែលកំពុង ជួបការលំបាក ក៏ដូចជាកូនចៅវីរកងទ័ព ដែលកំពុងឈរជើង ការពារទឹកដីនៅសមរភូមិមុខ។

ជាមួយគ្នានោះដែរ លោក ប៉ែន វិបុល ក៏បានបញ្ជ្រាប នូវសារអប់រំផ្លូវចិត្ត តាមបែបសាសនា ក្នុងគោលបំណង បណ្តុះស្មារតី ឱ្យសិស្សានុសិស្សប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងការគោរពដឹងគុណ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងជាប្រជាពលរដ្ឋគំរូក្នុងសង្គម។

តាមរបាយការណ៍ របស់លោកនាយក សាលាបឋមសិក្សាជម្ពូវ័ន បានឱ្យដឹងថា សិស្សានុសិស្ស ដែលទទួលបាន ការឧបត្ថម្ភទាំង ៣២០នាក់នោះ រួមមាន កូនវីរកងទ័ពដែលកំពុងឈរជើង តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចំនួន ៦៦នាក់, សិស្សភៀសសឹក ២២នាក់, កូនកំព្រាទាំងឪពុកម្តាយ ១៨នាក់, កូនកំព្រាឪពុក ៤៨នាក់, កូនកំព្រាម្តាយ ៣០នាក់ និងសិស្សដែលមានជីវភាពខ្វះខាតចំនួន ១៣៦នាក់ផ្សេងទៀត៕











