អភិបាលខេត្តតាកែវ ណែនាំឱ្យបង្កើនស្មារតី យកចិត្តទុកដាក់ខ្ពស់ និងរួមគ្នាទប់ស្កាត់ ករណីឆបោក តាមប្រព័ន្ធអនឡាញ
តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ និងរួមគ្នាបង្ការ ទប់ស្កាត់ ចំពោះករណីឆបោក តាមប្រព័ន្ធអនឡាញ ដែលធ្វើឱ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសន្ដិសុខសង្គម។

ការណែនាំរបស់ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នាឱកាសអញ្ជើញជាអធិបតី ក្នុងឱកាសអញ្ជើញប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៩ នៅសាលប្រជុំរដ្ឋបាលខេត្ត នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

លោក អភិបាលខេត្ត បានបន្ដថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញវិធានការដ៏មុតស្រួច ក្នុងការបង្ការ ទប់ស្កាត់ ករណីឆបោកតាមប្រព័ន្ធអនឡាញនេះ។

លោក អភិបាលខេត្ត បានគូសបញ្ជាក់ថា «ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការចុះតាមដានត្រួតពិនិត្យ ស្រាវជ្រាវទីតាំងរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងផ្សេងទៀត ខ្លាចក្រែងមានការបង្កប់ធ្វើអាជីវកម្ម ឆបោកតាមប្រព័ន្ធអនឡាញ ពិសេសអំពើជួញដូរមនុស្សគ្រប់ទម្រង់ ករណីគ្រឿងញៀន ត្រូវតែបង្ក្រាប ឱ្យបានទាន់ពេលវេលា ដើម្បីធានាបានូវគោលនយោបាយ មានសុវត្ថិភាពដែលបានដាក់ចេញ»។

ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានណែនាំដល់មន្រ្តីច្រកទ្វាព្រំដែនទាំងអស់ក្នុងខេត្តតាកែវ ត្រូវបន្តយកចិត្តទុកដាក់ ត្រួតពិនិត្យឱ្យបានតឹងរឹងបំផុត រាល់ភ្ញៀវបរទេសដែលចេញពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកខេត្តតាកែវ ក្រែងមានប្រព្រឹត្តបទល្មើសជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ពិសេសOnline Scram កុំឱ្យមានឱ្យសោះ៕
