Covid-19

រុស្ស៊ី នឹងប្រើថ្នាំដែលអនុម័តរួច យកទៅព្យាបាលអ្នកជម្ងឺកូវីដ១៩ នៅសប្ដាហ៍ក្រោយ

បរទេស៖ រុស្ស៊ី តាមសេចក្តីរាយការណ៍ នឹងចាប់ផ្តើមផ្តល់ថ្នាំ ដែលអនុម័តរួចដំបូងរបស់ខ្លួន ឲ្យយកទៅព្យាបាលអ្នកជម្ងឺកូវីដ១៩ នៅសប្ដាហ៍ក្រោយ ហើយការប្រើប្រាស់ថ្នាំនេះ រុស្ស៊ីសង្ឃឹមថា នឹងជួយបន្ធូរបន្ថយភាពតានតឹង លើប្រព័ន្ធសុខាភិបាល និងបង្កើនល្បឿនវិល ទៅរកជីវិតសេដ្ឋកិច្ចធម្មតាវិញ។

នៅក្នុងបទសម្ភាសន៍មួយ ប្រធានមូលនិធិរុស្ស៊ី RDIF បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានថា មន្ទីរពេទ្យរុស្ស៊ី អាចចាប់ផ្តើមផ្តល់ថ្នាំប្រឆាំងវីរុស ដែលបានចុះបញ្ជីក្រោមឈ្មោះ Avifavir នោះ ដល់អ្នកជម្ងឺចាប់ពីថ្ងៃទី១១ ខែមិថុនា ហើយក្រុមហ៊ុនស្រាវជ្រាវថ្នាំនេះ នឹងផលិតបានយ៉ាងគ្រប់គ្រាន់ ដើម្បីព្យាបាលមនុស្ស ៦០.០០០នាក់ ក្នុងមួយខែ។

គួរបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់មានថ្នាំវ៉ាក់សាំង សម្រាប់មេរោគកូវីដ១៩ ដែលជាជម្ងឺបង្កឡើងដោយវីរុសកូរ៉ូណាថ្មី នៅឡើយនោះទេ ហើយការសាកល្បងប្រើថ្នាំប្រឆាំងវីរុស ដែលមានស្រាប់ជាច្រើនលើមនុស្សនោះ ក៏មិនទាន់បង្ហាញឲ្យឃើញ នូវប្រសិទ្ធភាពផងដែរ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top