ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា ៖ សុខសន្តិភាព ស្ថិរភាព តាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ផ្តល់ឱកាសយ៉ាងល្អ ដល់ការអភិវឌ្ឍ ប្រទេសទំាងពីរ

ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបសវនាការ ជាមួយគណៈប្រតិភូ អាជ្ញាធរសវនកម្មជាតិឡាវ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា ចំណងមិត្តភាពជាប្រពៃណី និងបងប្អូន រវាងកម្ពុជា និងឡាវ បានបង្កលក្ខណៈអំណោយផលយ៉ាងខ្លាំងដល់ការអភិវឌ្ឍ សុខសន្តិភាព និងស្ថិរភាព ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

សម្តេច បានគូសបញ្ជាក់ថា ប្រទេសទាំងពីរប្រៀបដូចជាដន្លងនឹងគ្នា ហើយតែងប្រកាន់ខ្ជាប់នូវទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង»។ ចំណងមិត្តភាពនេះ កាន់តែមានសារៈសំខាន់នៅក្នុងស្ថានភាពពិភពលោក ដែលហ៊ុំព័ទ្ធដោយសង្គ្រាម។ ដូចនេះ ប្រទេសតូចៗ ដូចជាកម្ពុជា និងឡាវចាំបាច់ត្រូវពង្រឹងប្រព័ន្ធពហុនិយម ដែលអាចធ្វើជាខែលដ៏សំខាន់ ក្នុងការការពារបូរណភាពទឹកដី។

សម្តេច ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅក្នុងស្ថានភាពលំបាកនេះ យើងត្រូវនាំគ្នាប្រែក្លាយ “ការប្រឈមឱ្យទៅជាឱកាស” ពង្រឹងឯកភាព និងសាមគ្គីជាតិឲ្យបានរឹងមាំ។ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ ដោយដៃម្ខាងដោះស្រាយបញ្ហាប្រឈម និងដៃម្ខាងទៀតខិតខំអភិវឌ្ឍប្រទេសជាតិ ពង្រឹងមិត្តចាស់ ពង្រីកមិត្តថ្មី និងធានាការពារសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងប្រទេស និងតំបន់។

កម្ពុជានិងឡាវ មិនត្រឹមតែជាអ្នកជិតខាងល្អ ជាបងប្អូនប៉ុណ្ណោះទេ ប៉ុន្តែជាសមាជិកអាស៊ានតែមួយ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សាមគ្គីភាព និងការគោរពមជ្ឈភាពអាស៊ាន ជាកត្តាសំខាន់ ដែលធ្វើឲ្យអាស៊ានអាចរក្សាសន្តិភាព វិបុលភាព និងសុខដុមរមនាសម្រាប់ប្រជាជនក្នុងតំបន់បាន។

លោក វៀងថាវិសុន ទេពផាច័ន្ទ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះវឌ្ឍភាព និងការីកចម្រើនរបស់កម្ពុជា លើគ្រប់វិស័យយ៉ាងឆាប់រហ័ស ក្នុងនោះរួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ហេដ្ឋារចនាសម្ព័ន្ធសង្គម សំណង់អគាររដ្ឋ និងឯកជន ហើយនៅចុងខែមេសានេះ កម្ពុជានឹងសម្ពោធដំណាក់កាលទី២ នៃការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាមធ្យោបាយដឹកជញ្ជូនដ៏មានសក្តានុពលបន្ថែមទៀតរបស់កម្ពុជា។

To Top