ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ គំរាមអ៊ីរ៉ង់ថា បើមិនបើកច្រកសមុទ្រ ហ័រមូស ទេ អ្នកឯងនឹងរស់នៅក្នុងឋាននរក

កិច្ចខិតខំប្រឹងប្រែងស្វែងរកកំពុងបន្តសម្រាប់ជនជាតិអ៊ីស្រាអែល៤នាក់ ដែលត្រូវបានគេភ័យខ្លាចថា ជាប់នៅក្រោមគំនរបាក់បែក នៃអគារអាផាតមិនមួយ ដែលត្រូវបានបំផ្លាញ ដោយមីស៊ីលអ៊ីរ៉ង់នៅទីក្រុងហៃហ្វា ប្រទេសអ៊ីស្រាអែល។ យោធាអ៊ីស្រាអែល បានបើកការស៊ើបអង្កេត លើការបរាជ័យក្នុងការស្ទាក់ចាប់ គ្រាប់ផ្លោងរបស់អ៊ីរ៉ង់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តការគំរាមកំហែង ក្នុងការទម្លាក់គ្រាប់បែករោងចក្រថាមពល និងស្ពានរបស់អ៊ីរ៉ង់ លុះត្រាតែច្រកសមុទ្រហ័រមូស ត្រូវបានបើកឡើងវិញ សម្រាប់ការដឹកជញ្ជូនទំនិញ។ ប្រធានាធិបតីអាមេរិក បានសរសេរនៅលើ Truth Social កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានពង្រីកថ្ងៃផុតកំណត់ដល់ថ្ងៃអង្គារ វេលាម៉ោង ៨:០០ យប់ថា “បើកច្រកសមុទ្រហ័រមូស បើមិនដូច្នោះទេ អ្នកនឹងរស់នៅក្នុងឋាននរក – ចាំមើលទៅ!”។

យ៉ាងណាក៏ដោយ បេសកកម្មរបស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិបានឆ្លើយតបដោយអះអាងថា ការកត់សម្គាល់របស់លោក ត្រាំ បង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រព្រឹត្ត “ឧក្រិដ្ឋកម្មសង្គ្រាម”។

អ៊ីរ៉ង់បានបិទ ចំណុចស្ទះដ៏សំខាន់ជាយុទ្ធសាស្ត្រចំពោះ “នាវាសត្រូវ” មិនយូរប៉ុន្មានបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការផ្លូវអាកាស របស់ពួកគេនៅថ្ងៃទី ២៨ ខែកុម្ភៈ។ ក្រោយមកទីក្រុងតេហេរ៉ង់បាននិយាយថា ផ្លូវទឹកនេះនឹងនៅតែបិទ ចំពោះសហរដ្ឋអាមេរិក និងអ៊ីស្រាអែល “ក្នុងរយៈពេលវែង”។ ប្រហែល 20-25% នៃប្រេងរបស់ពិភពលោក និង 20% នៃឧស្ម័នធម្មជាតិរាវ (LNG) ឆ្លងកាត់ផ្លូវទឹកតូចចង្អៀតនេះ៕

To Top